ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា (IPTP) ដែលរៀបចំដោយរដ្ឋសភារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងពិធីបើកសម័យប្រជុំនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមនឹងឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។ សម័យប្រជុំពេញអង្គលើកទៅ១១ ដែលធ្វើឡើងនៅឆ្នាំនេះកិច្ចប្រជុំនេះក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន។
នៅក្នុងពិធីបើកសម័យប្រជុំនេះ សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ថ្លែងបទបាឋកថាពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ច ខិតខំប្រឹង ប្រែងរបស់ខ្លួន ដោយសហការជាមួយនឹងភាគីពាក់ព័ន្ធ។
សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា ២វគ្គ ដោយវគ្គទី១ នឹងជជែកពិភាក្សាអំពី ការជំរុញនិម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល វគ្គទី២ នឹងពិភាក្សា អំពីការពង្រឹងពហុភាគីនិយមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការតភ្ជាប់ប្រកបដោយបរិយាបន្ន។
ទន្ទឹមនឹងនេះ IPTP គ្រោងដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញ សន្តិភាព សម្រាប់ មនុស្សជាតិ និងភពផែនដី ដែលផ្តោតទៅលើគន្លឹះសំខាន់ៗ ចំនួន៥ រួមមាន ១.ការ ទប់ស្កាត់ជម្លោះ ២. ការកសាងសន្តិភាព ៣. យុត្តិធម៌អន្តរកាល ៤. ការកសាងប្រទេស ឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌ និង គ្រោះមហន្តរាយ និង៥. សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបថ នៃការប្រែប្រួលអាកាសធាតុ ។
នៅក្នុងសម័យប្រជុំនេះ ក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញចំនួន៥ផងដែរ ក្នុងនោះកិច្ចប្រជុំគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិ ការអន្តរជាតិ។ កិច្ចប្រជុំគណៈកម្មាធិការសន្តិសុខស្បៀងអាហារ ថាមពល ទឹក និងបរិស្ថាន ។ កិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ និងកិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។
ក្រៅពីនេះ សម្តេចប្រធានព្រឹទ្ធសភា, សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ក៏នឹងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានស្ថាប័នអន្តរសភាអន្តរជាតិ ប្រធានសភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជា សមាជិក IPTP មួយចំនួនផងដែរ។
សម្តេច ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីបិទសម័យប្រជុំ និងពិធីអបអរសាទរ ធម្មនុញ្ញសន្តិភាព ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ព្រមទាំងមានការប្រគល់ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជូនឥស្សរជនឆ្នើមពិភពលោកផងដែរ៕
ដោយ៖ តារា