ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សន្ដិភាពគឺជាគន្លឹះចំពោះអ្វីៗគ្រប់យ៉ាង បើគ្មានសន្ដិភាព គឺមានការអភិវឌ្ឍនោះទេ។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញចូលរួមពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា (IPTP) ដែលរៀបចំដោយរដ្ឋសភា នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះកម្ពុជាបានឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាមទម្រាំទទួលបាននូវសន្ដិភាព ដូច្នេះទើបយើងបានឱ្យតម្លៃខ្លាំងណាស់ចំពោះសន្ដិភាព សម្រាប់មនុស្សជាតិ និងភពផែនដី។
នាឱកាសនោះដែរ លោក Ahmed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីមនុស្សជាតិ និងភាពអត់ឱន (GCTP) បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់សន្តិភាពពិភពលោក។ លោកប្រធានក្រុមប្រឹក្សាសកល បានបញ្ជាក់ថា សម័យប្រជុំនាពេលនេះពិតជាមានភាពចាំបាច់ដោយត្រូវដាក់ចេញជាធម្មនុញ្ញសន្តិភាព ដើម្បីឱ្យសកលលោកចាកចេញពីការបង្ហូរឈាម, ការគំរាមកំហែង និងការបង្កភាពលំបាកដល់ជនភៀសខ្លួន ដែលឱកាសនេះជាសាក្សីមួយតំណាងប្រជាជនដែលកំពុងប្រឈម។
ដោយឡែក លោក Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមស្វែងរកការផ្សះផ្សាជាតិ និងសន្ដិភាព សម្រាប់ប្រទេសកម្ពុជារហូតមានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ខណៈប្រទេសវៀតណាម គឺជាដៃគូអភិវឌ្ឍមួយរបស់កម្ពុជា និងគាំទ្រគំនិតផ្ដួចផ្ដើមនៃការថែរក្សាសន្ដិភាពសម្រាប់តំបន់ និងពិភពលោក។
សូមជម្រាបជូនថា ក្នុងពិធីបើកសម័យប្រជុំនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមនឹងឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។ សម័យប្រជុំពេញអង្គលើកទៅ១១ ដែលធ្វើឡើងនៅឆ្នាំនេះកិច្ចប្រជុំនេះក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន។ សម័យប្រជុំនេះដែរ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ៕
ដោយ ៖តារា