ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី ១៤

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមជាមួយវត្តមានអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តមប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា រាជធានីភ្នំពេញ។ 

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ បានលើកឡើងថា ការប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៤ នាឱកាសនេះ ធើ្វឡើងក្នុងបរិយាការប្រកបដោយសាមគ្គីភាពបន្ទាប់ពីការប្រព្រឹត្តទៅដោយជោគជ័យនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ អកអំបុក និងក្នុងខណៈពេលដែលគណបក្សប្រជាជនកម្ពុជាទើបទទួលបានជោគជ័យយ៉ាងធំធេងក្នុងការរៀប ចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ច ប្រជុំពាក់ព័ន្ធនាពេលថ្មីៗកន្លងមកនេះ នៅវិមាន ៧ មករា ដែលតំណាងឲ្យភាពរឹងមាំ និងយូរអង្វែងរបស់គណបក្សយើង ។ 

បណ្ឌិតសភាចារ្យ ក៏បាននាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ពី សំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន គូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្ត្រីរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសមន្រ្តីដឹកនាំបន្តវេន គឺជាគោលការណ៍ចម្បងរបស់គណបក្សដែលតែងតែបានចាត់តាំងអនុវត្តនៅគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស ដើម្បីពង្រឹងទស្សនៈ គោលជំហររបស់មន្រ្តីផង និងលើក កម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌របស់មន្រ្តីផង ។ វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៤ នាពេលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមទៀតជូនសិក្ខាកាមគ្រប់រូប អំពីទ្រឹស្ដី កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ បទពិសោធន៍នៃការដឹកនាំរបស់គណបក្ស និងវិធីសាស្រ្តនៃការត្រិះរិះពិចារណា ដែលឆ្លើយតបទៅនឹងសំណូមពរការងារកសាងពង្រឹងគណបក្ស និងសភាពការណ៍ភារកិច្ចរបស់ប្រទេសជាតិ ។ 

វគ្គអប់រំនយោបាយនេះ ក៏ជាឱកាសដ៏មានតម្លៃរបស់មន្ត្រីយើងដែលមកពីគណបក្សនៃបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្តផ្សេងៗគ្នា បណ្តាអង្គការមហាជនរបស់គណបក្ស និងបណ្ដាស្ថាប័នគណបក្សជុំវិញថ្នាក់កណ្តាល បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ការងារជាមួយគ្នាផងដែរ ។ តាមរយៈនេះ នឹងធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សកាន់តែត្រូវបានពង្រឹងឡើងថែមទៀត ។

ដើម្បីធានាឲ្យវគ្គអប់រំនយោបាយទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក បណ្ឌិតសភាចារ្យ​ អ៊ុក រ៉ាប៊ុន ក៏បានស្នើដល់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ចាត់តាំងអនុវត្តឲ្យបានល្អនូវការងារមួយចំនួនរួមមាន ៖

១.សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលមានតួនាទីជាគណៈគ្រប់ គ្រងវគ្គផងដែរនោះ ត្រូវខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនេះឲ្យបានល្អ និងទាន់ពេលវេលា 

២.សូមគ្រូឧទ្ទេសនាមគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួនចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយជាទីបំផុត 

៣.សូមសិក្ខាកាមគ្រប់រូបប្រមូលផ្តុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពជាងនេះបន្ថែមទៀត និង 

៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត រក្សាមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គគ្រូឧទ្ទេសនាមជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គ ដោយស្មារតីយោគយល់ និងសុខដុមរមនា ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបង្ហាញជំនឿថា វគ្គអប់រំនយោបាយនៅពេលនេះ ពិតជានឹងទទួលបានលទ្ធផល​ល្អ​ស្របតាមគោលបំណង និងសំណូមពរនៃវគ្គរៀនសូត្រ ដែលជាការចូលរួមដ៏សកម្មដល់ការពង្រឹងជួរមន្រ្តីបង្គោលរបស់គណបក្ស ៕

ដោយ៖ សូរិយា


ចែករំលែក៖