ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលរាជធានីខេត្ត មានឋានៈស្មេីប្រធាននាយកដ្ឋាន ហេីយស្នងការរង មានឋានៈស្មេីអនុប្រធាននាយកដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ។ 

ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ស្ថិតនៅក្រោមឱវាទអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និង ស្ថិតនៅក្រោមការបញ្ជាដឹកនាំជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានសមត្ថកិច្ចការពារ និងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានី ខេត្ត។

ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មានភារកិច្ច ដូចខាងក្រោម៖

– អនុវត្តការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

– ការពារអាយុជីវិត សិទ្ធិ សេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

– ការពារសុវត្ថិភាពថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងភ្ញៀវបរទេស

– ការពារការសម្ងាត់ជាតិ ការពារស្ថាប័ន សម្បត្តិវប្បធម៌ បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈ និងគោលដៅសំខាន់ៗ

– រៀបចំសណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ចរាចរផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងការងារបង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ

– ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន អនីតិជន និងអំពើហិង្សាក្នុងគ្រួសារ

• ផ្សព្វផ្សាយអប់រំការងារយេនឌ័រដល់មន្ត្រីនគរបាលជាតិក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ

– ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ

– ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និង បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែលប្រឆាំងនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្ត ស្របតាមច្បាប់ និងនីតិវិធីជាធរមាន

– គ្រប់គ្រងសកម្មភាពក្រុមហ៊ុនផ្តល់សេវាសន្តិសុខ

– ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច គ្រប់ប្រភេទ

– ធ្វើការងារបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌ

– ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ

– ចុះបញ្ជីនិងគ្រប់គ្រងស្ថិតិ អាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល អាស៊ីដខ្លាំង និងមុខរបរដែល ងាយប៉ះពាល់ដល់សន្តិសុខសង្គម

– ធ្វើការងារស្រាវជ្រាវប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបង្កចលាចលសង្គម និង សកម្មភាពភេរវកម្ម

– ចាប់ខ្លួន ឃាត់ខ្លួនជនសង្ស័យ កសាង និងបញ្ជូនសំណុំរឿង ព្រមទាំងវត្ថុតាងទៅតុលាការតាម នីតិវិធី ដែលច្បាប់បានកំណត់

– អនុវត្តនិងសហការអនុវត្តសាលក្រម សាលដីកា និងដីកានានារបស់ស្ថាប័នអយ្យការ និងតុលាការ

– សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តវិធានការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ

-តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងគ្រប់គ្រងទិន្នន័យការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ការចុះបញ្ជី ស្នាក់នៅ ការចុះបញ្ជីគ្រួសារ និងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន

– ធ្វើការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរទេសអន្តោប្រវេសន្ត និងជនបរទេស អន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនក្នុងភូមិសាស្ត្រទទួលខុសត្រូវ ស្រាវជ្រាវរកមនុស្សបាត់ខ្លួន

– គ្រប់គ្រង បញ្ជា ដឹកនាំផែនការងារ ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ វរសេនាតូចនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក

– គ្រប់គ្រងចលនទ្រព្យនិងអចលនទ្រព្យរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត

– ធ្វើការងាររដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល ការងារគណនេយ្យ និងភស្តុភារ របស់ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត តាមការកំណត់

– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត តាមការកំណត់ 

– បំពេញភារកិច្ចផ្សេងៗទៀត ដែលអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រគល់ឱ្យ។

ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នីមួយៗ ដឹកនាំដោយស្នងការ ១រូប ដែលតែងតាំងដោយអនុក្រឹត្យ មានឋានៈស្មើប្រធាននាយកដ្ឋាន និងស្នងការរងមួយចំនួនតាមការកំណត់ ដែលតែងតាំងដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុប្រធាននាយកដ្ឋាន។

ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់ការិយាល័យនិងអង្គភាពចំណុះ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ទំនាក់ទំនងការងារ៖

– រវាងស្នងការដ្ឋាននគរបាលរាជធានី ខេត្តនិងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាទំនាក់ទំនង ណែនាំអនុវត្តគោលការណ៍ ផែនការរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ពាក់ព័ន្ធសមត្ថកិច្ចការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

– រវាងស្នងការដ្ឋាននគរបាលរាជធានី ខេត្តនិងនាយកដ្ឋាន អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ជា ទំនាក់ទំនងបញ្ជាដឹកនាំការងារជំនាញ

– រវាងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ វរសេនាតូចនគរបាលការពារព្រំដែនគោក និង ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាទំនាក់ទំនងគ្រប់គ្រងបញ្ជាដឹកនាំការងារជំនាញ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖