ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ តើកិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET នាំមកនូវលទ្ធផលជាផ្លែផ្កាអ្វីខ្លះ ដល់ការវិនិយោគ និងធុរកិច្ចដែលចង់មកវិនិយោគនៅកម្ពុជា?

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET  នឹងនាំមកនូវលទ្ធផលជាផ្លែផ្កាជាច្រើនដល់ការវិនិយោគ និងធុរកិច្ចដែលចង់មកវិនិយោគនៅកម្ពុជា។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET និងបានលើកឡើងពីកិច្ចប្រជុំពេញអង្គចំនួន៣ ដែលនឹងត្រូវរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញ និងអ្នកធុរកិច្ច នៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចប្រជុំកំពូលសដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) មានកិច្ចប្រជុំពេញអង្គទាំង៣វគ្គគឺ៖

កិច្ចប្រជុំពេញអង្គវគ្គទី១៖ ពិភាក្សាលើប្រធានបទ «ប្រទេសចិន ភាពបៃតងនៃ BRI និង RCEP៖ ការរៀបចំផែនការអនាគត និងការពន្លឿនភាពជាដៃគូ» កិច្ចប្រជុំនេះ នឹងពិភាក្សាពីបញ្ហាពិភពលោកពហុប៉ូលថ្មី បង្ហាញពីបញ្ហាប្រឈមថ្មីជាមួយនឹងការផ្លាស់ប្តូរអំណាចសកលដែលកើតចេញពីការកើនឡើងនៃអំណាចរបស់ប្រទេសចិន។ 

កិច្ចប្រជុំពេញអង្គវគ្គទី២ ពិភាក្សាលើប្រធានបទ «ឌីជីថល កំណើនបៃតង និងនិរន្តរភាព៖ បញ្ហាប្រឈម និងឱកាសនៅក្នុងសេដ្ឋកិច្ចថ្មី» កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើបញ្ហាសេដ្ឋកិច្ចថ្មី ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាពគឺជាកត្តាជំរុញដ៏សំខាន់។

 កិច្ចប្រជុំពេញអង្គវគ្គទី៣ នឹងពិភាក្សាលើប្រធានបទ «តួនាទីរបស់សហគ្រិន និងវិនិយោគិនចិននៅក្រៅប្រទេសក្នុងការជំរុញការវិនិយោគផ្ទាល់ពីបរទេស៖ សហគ្រិនភាព ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មគ្រួសារ» កិច្ចប្រជុំនឹងពិភាក្សាពីបញ្ហាជនជាតិចិនដែលចំណាកស្រុកនៅក្រៅប្រទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖