ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យស្វាយរៀងចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងក្រុមហ៊ុនកាត់ដេរ លូ ថៃនិង វិទ្យាស្ថានវិជ្ជាជីវៈសានតុង នៃឧស្សាហកម្មធុនស្រាល

ចែករំលែក៖

ខេស្វាយរៀង៖ លោក បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង និងលោក សាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងសាកលវិទ្យាល័យស្វាយរៀង (Svay Rieng University)ក្រុមហ៊ុនកាត់ដេរ លូ ថៃនិង វិទ្យាស្ថានវិជ្ជាជីវៈសានតុង (Shandong) នៃឧស្សាហកម្មធុនស្រាល។

ពិធីចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នានេះដែរ មានការចូលរួមពីលោក លីវ ជីពីនអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន លូ ថៃ គ្រុប និងប្រតិភូ ,លោក សោ ផឹង  តំណាង ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ផូឡារីស,លោក ហ្វាន គួយជីន  លេខាគណៈកម្មាធិការបក្សនៃវិទ្យាស្ថានវិជ្ជាជីវៈ សាន តុង ឧស្សាហកម្មធុនស្រាល,កញ្ញា លី ឈីនអ៊ុង ប្រធានមហាវិទ្យាល័យម៉ូដអន្តរជាតិ និង ជាប្រធាននាយកដ្ឋានវិស្វកម្មវាយនភណ្ឌ និងក្រុមការងារព្រមទាំង លោក លោកស្រី ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យស្វាយរៀងជាច្រើនរូបទៀតផងដែរ។

លោក បណ្ឌិតសោម រតនា បានថ្លែងអំណរគុណចំពោះដៃគូទាំងអស់គ្នា មានក្រុមការងារ សាកលវិទ្យាល័យស្វាយរៀង ក្រុមហ៊ុន លូ ថៃ ដែលជាក្រុមហ៊ុនមេ និង វិទ្យាស្ថានវិជ្ជាជីវៈ Shandong និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេល វេលាស្មារតី ដើម្បីផលិតបានកិច្ចព្រមព្រៀងជាផ្លូវការថ្ងៃនេះ។ អនុស្សរណៈនៃការយោគយល់គ្នា (MOU)នេះ គ្រាន់តែជាការចាប់ផ្តើមដំបូងនៃទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយផ្លែផ្កា ហើយយើងទន្ទឹងរង់ចាំភាព ជោគជ័យជាច្រើនដែលនឹងសម្រេចបានរួមគ្នា។

លោក បណ្ឌិតសោម រតនា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឫសគល់នៃគោលការណ៍ធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស កំណើនវិស័យឯកជន និងកំណែទម្រង់អភិបាលកិច្ច ដោយបានដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់វឌ្ឍនភាព និងវិបុលភាពក្នុងប្រទេសជាតិរបស់យើង។

លោក បណ្ឌិតបានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ បានបង្កើតសសរស្ដម្ភសំខាន់ៗចំនួនបីនៃកិច្ចសហ ប្រតិបត្តិការ៖

ទី១៖ បង្កើតច្រកសម្រាប់កម្មវិធីផ្លាស់ប្តូរនិស្សិត និងបុគ្គលិក ដែលនឹងពង្រឹងបទពិសោធន៍អប់រំនៃសហគមន៍ របស់យើងកាន់តែប្រសើរថែមទៀត មិនតែប៉ុណ្ណោះ និស្សិតរបស់យើង ក៏នឹងទទួលបានផលប៉ះពាល់ជាវិជ្ជមាន ដ៏មានតម្លៃចំពោះស្តង់ដារនៃសិក្សាជាអន្តរជាតិ និងការអនុវត្តឧស្សាហកម្ម ខណៈពេលដែលបុគ្គលិកសិក្សា របស់យើងក៏នឹងពង្រឹងបាននូវជំនាញរបស់ពួកគេផងដែរតាមរយៈឱកាសនៃការអភិវឌ្ឍន៍វិជ្ជាជីវៈ។

ទី២៖ កម្មវិធីពីរដែលយើងកំពុងដាក់ឱ្យដំណើរការនឹងរួមបញ្ចូលគ្នានូវចំណេះដឹងខាងទ្រឹស្តីផ្សារភ្ជាប់ជាមួយ នឹងបទពិសោធន៍ជាក់ស្តែងក្នុងរោងចក្រសហគ្រាស។ វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតនេះនឹងធានាថា និស្សិតបញ្ចប់ការសិក្សារបស់យើងមិនត្រឹមតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានត្រៀមខ្លួនជាស្រេចក្នុងឧស្សាហកម្មផងដែរ ដោយបំពេញតាមតម្រូវការដែលកំពុងវិវត្តនៃវិស័យ ផលិតកម្មនាពេលបច្ចុប្បន្ន។

ទី៣៖ ដោយមានការគាំទ្រដ៏សប្បុរសពីក្រុមហ៊ុន លូថៃ យើងនឹងកាត់បន្ថយបាននូវគម្លាតរវាងអ្នក សិក្សា និងការងារជាក់ស្តែងក្នុងរោងចក្រសហគ្រាស។ ភាពជាដៃគូក្នុងឧស្សាហកម្មនេះនឹងផ្តល់ឱ្យនិស្សិត របស់យើងផងដែរនូវឱកាសកម្មសិក្សា ការបណ្តុះបណ្តាលជាក់ស្តែង និងផ្លូវការងារដែលមានសក្តានុពល។

លោក បណ្ឌិតបានបន្តថា ភាពជាដៃគូនេះគឺពិតជាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យស្វាយរៀងមានក្នុងការ ផ្តល់ឱកាសសិក្សាលំដាប់ពិភពលោក សម្រាប់និស្សិតរបស់យើង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឧត្តមភាពនៃការរៀននិងបង្រៀនគាំទ្រដល់ការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជានិងបានបង្កើតច្រកការងារប្រកបដោយនិរន្តរភាពសម្រាប់និស្សិតបញ្ចប់ការសិក្សាផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់នូវការចុះអនុស្សរណៈយោគយល់គ្នា ក្រុមការងារសាកលវិទ្យាល័យស្វាយរៀង និងក្រុមហ៊ុនពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យមើលផ្ទាល់ដល់រោងចក្រ ដែលកំពុងដំណើរការផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖