លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu បានប្រកាសទៅកាន់មេដឹកនាំតាលីបង់នូវបំណងចង់ជួយអាហ្វហ្គានីស្ថានឱ្យសម្រេចបានសន្តិភាពយូរអង្វែង។កាលពីថ្ងៃទី 25 ខែវិច្ឆិកា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu បានដឹកនាំគណៈប្រតិភូរបស់ប្រទេសរួមមានឧបនាយករដ្ឋមន្ត្រី Aleksei Overchuk ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីធ្វើការចរចាជាមួយមន្ត្រីជាន់ខ្ពស់តាលីបង់នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងជំនួបនោះ លោក Shoigu បានសង្កត់ធ្ងន់ថា៖ “យើងមានបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងអាហ្វហ្គានីស្ថានលើវិស័យជាច្រើន។ រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការបង្កើតកិច្ចសន្ទនានយោបាយប្រកបដោយការស្ថាបនារវាងប្រទេសទាំងពីរ រួមទាំងជំរុញដំណើរការនៃដំណោះស្រាយផ្ទៃក្នុងអាហ្វហ្គានីស្ថាន”។
លើសពីនេះ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបញ្ជាក់ថា អាមេរិកគួរតែដើរតួនាទីសំខាន់ក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ រួមទាំងការប្រគល់ទ្រព្យសម្បត្តិ និងមូលនិធិដែលជាកម្មសិទ្ធិរបស់ប្រជាជននៃប្រទេសនេះវិញ ព្រោះទីក្រុងវ៉ាស៊ីនតោនបានធ្វើអន្តរាគមន៍កម្លាំងយោធានៅតំបន់អាស៊ីកណ្តាល អស់រយៈពេលជាច្រើនឆ្នាំ។
អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិកគួរតែជាប្រទេសសំខាន់ក្នុងការវិនិយោគលើការកសាងឡើងវិញនូវប្រទេសអាហ្វហ្គានីស្ថាន” ។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី Overchuk បានជូនដំណឹងដល់មន្ត្រីតាលីបង់អំពីបំណងប្រាថ្នារបស់ទីក្រុងម៉ូស្គូក្នុងការចូលរួមក្នុងគម្រោងសាងសង់ផ្លូវដែកឆ្លងអាហ្វហ្គានីស្ថាន។
បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនក្នុងឆ្នាំ 2022 ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានងាកទៅរកអាស៊ី និងប្រទេសមិនមែនលោកខាងលិច ដោយសារតែទីក្រុងម៉ូស្គូជឿថា អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបកំពុងរារាំងសេដ្ឋកិច្ចរុស្ស៊ី។
សម្រាប់ផ្នែករបស់គាត់ ឧបនាយករដ្ឋមន្ត្រីអាហ្វហ្គានីស្ថានទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច Abdul Ghani Baradar បានបង្ហាញបំណងចង់ទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីកាត់បន្ថយបន្ទុកនៃទណ្ឌកម្មរបស់លោកខាងលិច៕
ដោយ៖ ធីរីណា(រូបថត៖ AFP)