ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះធ្វើចលនាដើមទ្រូងដៃជើង ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈដែលស្ត្រីម្នាក់បានតខ្សែភ្លើងឆក់ត្រី តែចៃដន្យអាក្រក់ភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងនៅក្រុងស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិឃោសសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ សួន សារ៉ាត់ អាយុ ៣៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃោសសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
ប្រភពបន្តថា ក្រោយកើតហេតុសមត្ថកិច្ចបានទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានថាមានករណីមនុស្សស្លាប់ ទើបសមត្ថកិច្ចក្រុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និងក្រុមគ្រូពេទ្យបានចុះមកពិនិត្យសពរួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ដោយមិនមានស្នាកស្នាមជារឿងឃាតកម្មអ្វីនោះទេ។
ប្រភពបន្តថា មុនកើតហេតុស្ត្រីខាងលើ បានឃើញទឹកក្នុងស្រែមានមាត់ត្រីច្រើន ទើបនឹកចង់ហូបត្រី ក៏បានទាញយកខ្សែភ្លើងក្នុងគោលបំណងយកទៅឆក់ត្រី ប៉ុន្តែចៃដន្យអាក្រក់ស្រាប់តែភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបាន ប្រគល់អោយគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន