ភ្នំពេញ ៖ ផ្លូវជាតិលេខ១០ ប្រវែង១៩៨,២១៨ គ.ម(PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ57-7ត្រង់PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ (ចាស់)ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គឺជាការតភ្ជាប់ដ៏សំខាន់មិនអាចកាត់ថ្លៃ និងទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលតភ្ជាប់ពីតំបន់មាត់សមុទ្រតារារះទិសនិរតី ឆ្ពោះទៅកាន់ខេត្តភាគពាយ័ព្យ នៃប្រទេសកម្ពុជា។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបន្តថា ៖ នាពេលបច្ចុប្បន្ននេះទាំងរថយន្តតូច-ធំ អាចធ្វើដំណើរបាន ដោយមានស្ថានភាពផ្លូវដូចតទៅ ៖
1-Pk0(សំឡូត)-pk60(ក្រពើពីរ)កៅស៊ូ
2-Pk 60-pk 85 ក្រួសក្រហម
3-Pk 85-pk112(អូរសោម)កៅស៊ូ
4-Pk 112 -pk 130 ក្រួសក្រហម (អាចរអិលបន្តិចបន្តួចពេលភ្លៀង)
5-Pk 130-pk 160 កៅស៊ូ
6-Pk 160 -pk 175 ក្រួសក្រហម
7-Pk 175-pk 198 (កោះកុង)កៅស៊ូ
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST)។ គម្រោងនេះមានរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ៕
ដោយ ៖ សិលា