ខេត្តសៀមរាប៖ បើតាមការរៀបរាប់ឱ្យដឹងពីបងប្អូនអ្នកលក់អនុស្សាវរីយ៍នៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះបានឱ្យដឹងថាបច្ចុប្បន្នមានក្រុមជនជាតិឥណ្ឌាមួយក្រុមធំដែលចែកចេញជាច្រើនសាខាកំពុងតែធ្វើព្យុះធ្វើភ្លៀងនៅក្នុងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏សំខាន់។
ពួកគាត់បានបង្ហើមឲ្យដឹងទៀតថា បច្ចុប្បន្នភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបក៏ដូចដើរមើលប្រាសាទបានធុញទ្រាន់យ៉ាងខ្លាំងចំពោះហ្គាយមួយចំនួនដែលបាននាំពួកគាត់ទៅចូលទីតាំងកន្លែងក្រុមពួកឥណ្ឌាលក់រូបចម្លាក់និងវត្ថុបុរាណផ្សេងៗដែលកាត់តម្លៃថ្លៃហួសពពកដោយពួកគាត់មិនមានចិត្តចង់ទិញក៏បង្ខំឱ្យទិញផងដែរ។
ក្រុមឥណ្ឌាដែលជាអាជីវករលក់ដូរនៅខេត្តសៀមរាបបានរៀបរាប់ឱ្យដឹងតាមរយៈអ្នកយកព័ត៌មានកាសែតនគរវត្តថា ក្រុមឥណ្ឌាបាននិងកំពុងតែប្រើគ្រប់វិធីបំផ្លាញវប្បធម៌របស់ជាតិនៅខេត្តសៀមរាប ដូចជាយករូបចម្លាក់ឬក៏វត្ថុបុរាណផ្សេងៗដែលជាសមិទ្ធផលរបស់ខ្មែរទៅលក់ឱ្យបរទេសក្នុងតម្លៃខ្ពស់។
តាមការឱ្យដឹងទៀតថា ពួកឥណ្ឌាដែលមករកស៊ីនៅស្រុកខ្មែរក្នុងខេត្តសៀមរាបនេះបានបង្កើតក្រុមហ៊ុនមួយចំនួនដែលមានឈ្មោះប៊ូទិចអេស៊ាចារីសស្មីននិងមានសាខាជាច្រើនជាតិដៃជាជើងរបស់ក្រុមហ៊ុនខាងលើនេះ។ ពួកគាត់បានលើកឡើងទៀតថា ការរកស៊ីរបស់ពួកឥណ្ឌាខាងលើនេះគាត់មិនជំទាស់នោះទេប៉ុន្តែធ្វើអ្វីការរកស៊ីសូមឱ្យមានតម្លាភាពហើយភាពរញ៉េរញ៉ៃនិងបាត់បង់សណ្តាប់ក៏គ្មាននរណាមកជិតដែរ ដោយពួកនេះមានខ្នងបង្អែកស្នងការរងពីររូបចាំជួយជ្រុមជ្រែងដោយគេសង្ស័យថាអាចបានលាភសក្ការៈ។
អាជីវករលក់រូបចម្លាក់និងឧបករណ៍របស់ខ្មែរនៅខេត្តសៀមរាបបានសំណូមពរដល់លោកអភិបាលខេត្តក៏ដូចជាមន្ទីរជំនាញជាពិសេសក្រសួងទេសចរណ៍មេត្តាជួយពិនិត្យមើលលើក្រុមពួកឥណ្ឌាដែលមករកស៊ីនៅក្នុងខេត្តសៀមរាបផង។ ជាមួយគ្នានោះក្រុមអាជីវករលក់ដូររូបចម្លាក់នៅក្នុងខេត្តសៀមរាបបានសំណូមពរដល់បងប្អូនហ្គាយអគតិទាំងអស់សូមមេត្តាគិតគូរពីតម្លៃនិងនិងឧត្តមគតិផង កុំគិតតែពីផលប្រយោជន៍ដែលធ្វើឲ្យខូចវប្បធម៌របស់ខ្មែរដោយសារចង់បាមលុយទឹកតែពីក្បាលឡានម៉ូតូកង់បី ព្រោះជនជាតិឥណ្ឌាគេកើបលុយហើយមិនខ្វល់ទេ៕
ដោយ៖ អរុណរះ