ព័ត៌មានទាន់ហេតុការណ៍៖

វគ្គបណ្តុះបណ្តាលស្តីពីការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំឡើងក្នុងគោលបំណងបង្កើននូវពុទ្ធិ ក៏ដូចជាពង្រីកនូវការយល់ដឹងបន្ថែមអំពីជ្រុងមួយនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

មានមតិស្វាគមន៍ លោកអគ្គលេខាធិការរងបានយកឱកាសដ៏ប្រពៃនេះធ្វើការថ្លែងអំណរគុណជូនចំពោះក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចំណាយពេលវេលាមមាញឹកចូលរួមធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកក៏បានគូសរំលេចជូនអង្គពិធីផងដែរថា វិស័យវិនិយោគ និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាដៃគូដែលពុំអាចខ្វះគ្នាបានក្នុងការចូលរួមបង្កើតការងារ និងជំរុញសេដ្ឋកិច្ចជាតិឱ្យមានភាពរស់រវើក និងសកម្ម ហើយអន្តរសកម្មភាពរវាងវិស័យទាំងពីរតែងតែផ្តល់នូវផលជះទៅវិញទៅមក ជាក់ស្តែងកំណើនវិនិយោគលើវិស័យកម្មន្តសាលមិនមែនកាត់ដេរគឺជាសមិទ្ធផលមួយដែលប្រសូត្រចេញពីកំណើនផលិតភាព និងជំនាញរបស់និយោជិតដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងច្បាស់លាស់។ មុននឹងបញ្ចប់ លោកបានបង្ហាញនូវជំនឿចិត្តប្រកបដោយសុទិដ្ឋិនិយមថាគណៈកម្មាធិការវិនិយោគកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរ និងការងារនឹងអាចពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត សំដៅចូលរួមចំណែកក្នុងការផ្គូផ្គងនិយោជកជាមួយនិយោជិតឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។  

ជាកិច្ចបន្ត លោកស្រីបានជម្រាបជូនអង្គពិធីអំពីចក្ខុវិស័យរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារក្នុងការប្រែក្លាយខ្លួនជាទីភ្នាក់ងារផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាពនាំមុខគេនៅកម្ពុជា តាមរយៈការផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាព, ការប្រមូលព័ត៌មាន វិភាគ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និង ជំរុញការបន្ស៊ីគ្នានូវជំនាញរបស់កម្លាំងពលកម្មជាមួយនឹងតម្រូវការទីផ្សារ។ ស្របគ្នានេះ លោកជំទាវក៏បានបង្ហាញនូវការស្វាគមន៍ដែលគណៈកម្មាធិការវិនិយោគកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរ និងការងារនឹងដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានគុណភាព និងប្រសិទ្ធផលនាពេលអនាគត។   

ជាទិដ្ឋភាពរួម វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះបានប្រព្រឹត្តទៅដោយមានការចូលរួមចែករំលែកនូវបទបង្ហាញស្តីពីការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ពីតំណាងទីភ្នាក់ងារជាតិមុខរបរ និងការងារ និងបទបង្ហាញស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីតំណាងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕

ដោយ ៖ សិលា


ចែករំលែក៖