ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមសម្តែងនូវអំណរសាទរដោយស្មោះអស់ពីចិត្តជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេច ក្នុងនាមជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ ICAPP បានទទួលនូវ «ពានរង្វាន់សតវត្សអាស៊ី ICAPP» ដោយយោងទៅលើសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបានអនុម័តក្នុងអំឡុងពេលមហាសន្និបាត លើកទី១២ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការទទួលបាន «ពានរង្វាន់សតវត្សអាស៊ី ICAPP» នៅពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងជាការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននិងកំពុងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវាសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការអនុវត្តដោយស្មារតីបុរេសកម្ម និងមុតស្រួចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រជាជនកម្ពុជា និងការបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវ “សន្តិភាព និងស្ថិរភាពនយោបាយ” ប្រកបដោយប្រសិទ្ធភាពនៅគ្រប់ដំណាក់កាល។
ក្នុងឱកាសវិសេសវិសាលនេះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕