ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ តើកម្ពុជាផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ប៉ុន្មានភាគរយដល់វិនិយោគិនដែលមកបណ្ដាក់ទុនរកស៊ី?

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយ មិនមានការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះជាចំណុចខុសគ្នាជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។

ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការអនុញ្ញាតិឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន យើងពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែងសម្រាប់វិនិយោគ។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ជឿជាក់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្ដកម្រិតខ្ពស់ ដើម្បីជួយឱ្យអាជីវកម្ម និងការវិនិយោគមានការរីកចម្រើន។ បន្ថែមពីនោះ តាមរយៈបណ្ដាកិច្ចព្រមព្រៀង បានផ្ដល់នូវវិសាលភាពទីផ្សារធំទូលាយ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដោយបានផ្ដល់នូវទីផ្សារ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំសូមប្តេជ្ញាថារដ្ឋាភិបាលខ្ញុំនឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ទ្វាររបស់យើងតែងតែបើកចំហ យើងនៅតែរក្សាគោលការណ៍ដែលអាចព្យាករណ៍បាន»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាកម្ពុជា ចំពោះអាជីវកម្មរបស់អ្នក គឺមិនមានការផ្លាស់ប្តូរទេ។ ដូច្នេះ សូមអញ្ជើញភ្ញៀវទាំងអស់ក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរកម្ពុជា មិនថានៅក្នុងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍បៃតង ឌីជីថល ឬការបណ្តាក់ទុនអ្វីផ្សេងនោះទេ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាដៃគូក្នុងភាពជោគជ័យរបស់អ្នកវិនិយោគិនទាំងអស់៕

ដោយ ៖ សិលា


ចែករំលែក៖