ខេត្តស្វាយរៀង ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណី រក្សាទុក, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរ ដឹកជញ្ជូនអាវុធដោយខុសច្បាប់ ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបានធ្វើការបង្ក្រាប កាលពីថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិបាវិតកណ្តាល និងភូមិ បាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាមចំនួន ០៤ នាក់ និងជនជាតិខ្មែរចំនួន ០៣ នាក់ ព្រមទាំងវត្ថុតាងដកហូត រួមមាន ៖
១-សារធាតុសង្ស័យជាគ្រឿងញៀនទម្ងន់សរុប ៥.៣៣៥,២៧ ក្រាម មានប្រភេទជាមេតំហ្វេតាមីន, កេតាមីន និងអ៊ុចស្តាស៊ី ។
២-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
៣-អាវុធខ្លីចំនួន ០៥ ដើម និងគ្រាប់បែកដៃ (គ្រាប់បែកផ្សែង) ចំនួន ០១ គ្រាប់ ។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាល យុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជា ជនជាតិវៀតណាមចំនួន ០៦ នាក់ (គេចខ្លួនចំនួន ០២ នាក់) និងជនជាតិខ្មែរចំនួន ០៥ នាក់ (គេចខ្លួនចំនួន ០២ នាក់) តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥៩៤ អ.យ.ឃ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទ រក្សាទុក, ជួញដូរ, ចាត់ចែងឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ និងជួញដូរ អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅចំណុចភូមិបាវិតកណ្តាល និងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី៧ ចំណុចទី៤, មាត្រា ៤៨ កថាខណ្ឌទី៤ និងទី៦ ចំណុចទី១, មាត្រា ៤២, មាត្រា ៤៥ និងមាត្រា ៥៣ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, តាមមាត្រា ៨, មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ ។
បន្ថែមពីការចោទប្រកាន់ខាងលើនេះ តំណាងអយ្យការ ក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ ៕
ដោយ៖ តារា