ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន មានកិត្តិយសជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកនេះ មានការ ចុះផ្សាយដោយកាសែតបរទេស ដែលលើកឡើងពីការបារម្ភចំពោះករណីការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុង ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ហើយក៏មានការចុះផ្សាយបន្តដោយវិទ្យុមួយចំនួន មិនមានការពិនិត្យ និងផ្ទៀងផ្ទាត់ ព័ត៌មានឱ្យបានច្បាស់លាស់មុនធ្វើការផ្សព្វផ្សាយ។
អ្នកនាំពាក្យក្រសួង សូមធ្វើការបដិសេធការផ្សព្វផ្សាយរបស់កាសែតបរទេស ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ បែបរវើរវាយ ហើយការជួយបំពងសំឡេងដោយវិទ្យុនោះ មិនមានការទទួលខុសត្រូវ ផ្សាយខុសពី ការពិតជាក់ស្តែង មិនបានតាមដាននូវវិធានការ និងលទ្ធផលដែលក្រសួងបរិស្ថានបានអនុវត្តនាពេលកន្លងមក។ នេះជាលើកទី២ហើយ ដែលវិទ្យុនេះបានលើកយកព័ត៌មានមិនពិត ព័ត៌មានពុំមានមូលដ្ឋានច្បាស់លាស់ និងមាន ចេតនាបង្កឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋ មិនប្រតិបត្តិតាមក្រមវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសការមិន គោរពតាមសុក្រឹតភាពនៃព័ត៌មានរបស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
អ្នកនាំពាក្យក្រសួង សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានយន្តការច្បាស់លាស់ ក្នុងការគ្រប់គ្រង ការការពារ និងអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការ៤ចំណុច ហើយកំពុងអនុវត្តបានយ៉ាង មានប្រសិទ្ធភាព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាបជាព័ត៌មាន៕
ដោយ៖ តារា