ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃកាហ្វេពិភពលោកឡើងថ្លៃ វៀតណាមអាចនឹងបំបែកកំណត់ត្រានាំចេញរបស់ខ្លួន

ចែករំលែក៖

  ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាមត្រូវបានគេព្យាករថានឹងឈានដល់កំណត់ត្រាខ្ពស់បំផុតជាទឹកប្រាក់ 5.6 ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារតែការកើនឡើងតម្លៃកាហ្វេពិភពលោក។

  លោក Nguyen Nam Hai ប្រធានសមាគមកាហ្វេ និងកាកាវវៀតណាមបានកត់សម្គាល់ថា ការកើនឡើងតម្លៃកាហ្វេពិភពលោកនាពេលថ្មីៗនេះក៏បានជំរុញឱ្យតម្លៃក្នុងស្រុកកើនឡើងផងដែរ។

លោកបានពន្យល់ថា ខណៈពេលដែលតម្លៃកាហ្វេអាចនឹងប្រែប្រួលនៅពេលដែលការប្រមូលផលកាហ្វេ របស់វៀតណាមចាប់ផ្តើមនៅខែក្រោយ ហើយតម្លៃត្រូវបានគេរំពឹងថានឹងនៅតែខ្ពស់ជាងឆ្នាំមុនចាប់តាំងពីប្រទេសដែលផលិតកាហ្វេធំៗផ្សេងទៀតមិនទាន់ឈានចូលដល់រដូវប្រមូលផលរបស់ពួកគេនៅឡើយទេ។

  កាលពីថ្ងៃទី 27 ខែវិច្ឆិកា តម្លៃកាហ្វេនៅខេត្តភាគកណ្តាលនៃខេត្ត Dak Lak, Lam Dong និង Dak Nong មានតម្លៃពី 121,800-122,700 ដុងក្នុងមួយគីឡូក្រាម (4.81-4.84 ដុល្លារអាមេរិក) កើនឡើង 9.000-11.000 ដុងធៀបនឹង 20 ថ្ងៃមុន។

  អាជីវករខាងជួញដូរកាហ្វេបាននិយាយថាតម្លៃបាននឹងកំពុងឡើងថ្លៃមុនរដូវប្រមូលផលឆ្នាំ 2024-2025 ដែលធ្វើឱ្យកសិករកំពុងតែពិចារណាថាសម្រេចចិត្តលក់គ្រាប់កាហ្វេរបស់ពួកគេភ្លាមៗ ឬរក្សាទុកលក់ពេលក្រោយដោយពួកគេសង្ឃឹមថានឹងឡើងថ្លៃបន្ថែមទៀត។

  ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2024 វៀតណាមបាននាំចេញកាហ្វេប្រមាណ 1.2 លានតោន ដែលបង្កើតបានជិត 5 ពាន់លានដុល្លារ។ នេះតំណាងឱ្យបរិមាណធ្លាក់ចុះ 13.5% ប៉ុន្តែតម្លៃកើនឡើង 38.1% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ៖ ភារៈ


ចែករំលែក៖