ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកបាកានប្រមាណ១៧នាក់ មធ្យោបាយដោយកាណូតចំនួន០៣គ្រឿង សហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាងនិងសង្រ្គោះត្រីចម្រុះល្អិតៗផងដែរ។
នេះបើតាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក សុង គឹមសែ អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកបាកាន នារសៀលថ្ងៃសៅរ៍ ១៥រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
លោកអធិការស្ដីទីស្រុកបាកានឱ្យដឹងទៀតថា ករណីកម្លាំងសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល)ខាងលើ ធ្វើឡើងចាប់ពីចំណុចរោងតម្បាញ រហូតដល់ចំណុចខ្វៃចៀន ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកអធិការនគរបាលឱ្យដឹងទៀតថា ជាលទ្ធផល យើងបានបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង រួមមាន៖ របាំងសាច់អួនប្រវែង៣៦០០ម៉ែត្រ ស្មើនឹងចំនួន០៥ខ្សែ ក្បាល(បរ)៨គ្រឿង បង្គោលចម្រឹងចំនួន២៨០ដើម ថែមទាំងចាក់លែងត្រីចម្រុះល្អិតៗចូលបឹងធម្មជាតិ(ទន្លេសាប)វិញចំនួន២០គីឡូក្រាមផងដែរ ។
លោកបញ្ជាក់បន្ថែមថា ករណីទី២ បំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាងដូចគ្នានូវសាច់(ឈ្នក់)ចំនួន០២វង់ បង្គោលចំនួន១៨ដើម ស្មើនឹង០២កន្លែង ខ្សែរួមផ្សំប្រវែង១២០ម៉ែត្រ ៕
ដោយ៖ ប៉ឹម ពិន