ភ្នំពេញ៖ សម្តេចកិត្ដិសង្គហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ថា ប្រទេសជាតិមានសុខសន្ដិភាពពេញលេញដល់សព្វថ្ងៃ ក៏ដោយសារគុណបំណាច់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបញ្ជាក់បែបនេះ ពេលអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ១៩៧៨-០២ ធ្នូ ២០២៤) ដែលបានរៀបចំឡើងនាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដែលមានសមាសភាពអញ្ជើញចូលរួមចំនួន ៧០០អង្គ/នាក់ ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។
ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។
ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានប្តូរឈ្មោះជា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និងត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា រយៈពេល ៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានស្ថិតស្ថេររួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។ ស្មារតី២ធ្នូ ស្មារតី៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើង បានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួនយើងទាំងអស់គ្នា យើងជឿជាក់ថានឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្ម ដូចក្នុងអតីតកាលឡើយ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ ។ ជាពិសេស អនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ ដែលបានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា នៅក្នុងអង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ នេះ៕
ដោយ ៖ សំរិត