ក្លិប Botafogo បានឈ្នះពានរង្វាន់ Copa Libertadores លើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល១២៣ឆ្នាំរបស់ពួកគេជាមួយនឹងជ័យជម្នះមិនគួរឱ្យជឿលើគូប្រជែងក្លិបប្រេស៊ីល Atletico Mineiro ក្នុងលទ្ធផល៣ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូនេះ។
កីឡដ្ឋាន River Plate ក្នុងប្រទេសអាហ្សង់ទីនបានភ្ញាក់ផ្អើលត្រឹមតែ៣០វិនាទីប៉ុណ្ណោះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ខ្សែបម្រើ Gregore របស់ក្រុម Botafogo ត្រូវបានបណ្តេញចេញសម្រាប់ការទាត់បាល់ប៉ះលើក្បាលរបស់កីឡាករ Fausto Vera របស់ក្លិប Atletico Mineiro។
បន្ទាប់ពីសល់គ្នាត្រឹម១០នាក់ ក្រុម Botafogo មានការតាំងចិត្តនិងលេងដោយមានទំនុកចិត្ត រហូតដល់នាទីទី៣៤ អ្នកគាំទ្រ Botafogo ត្រូវបានអបអរសាទរយ៉ាងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធ Luiz Henrique រកបានគ្រាប់បាល់នាំមុខ១គ្រាប់មុនគូប្រកួត។
មិនយូរប៉ុន្មាន សមាជិកក្រុមដែលមានគ្នាត្រឹម១០នាក់បានបន្តសម្រុក ហើយរកការស៊ុតបាល់បញ្ចូលទីនាំមុខគ្រាប់ទី២ ដោយកីឡាករ Henrique ត្រូវបានបង្កកំហុសក្នុងប្រអប់ ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ ដែលជាការស៊ុតដោយអតីតខ្សែការពារឆ្វេងរបស់ Manchester United កីឡាករ Alex Telles។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Atletico Mineiro បានព្យាយាមដាក់សម្ពាធវិញ រហូតដល់រកបានគ្រាប់បាល់១គ្រាប់តាមពីក្រោយនៅនាទីទី៤៧ ដោយកីឡាករ Eduardo Vargas បានតែតបាល់បញ្ចូលទីចេញពីបាល់ជ្រុង។
ជិតនឹងចប់ការប្រកួតទៅហើយគឺនៅក្នុងម៉ោងបន្ថែមនាទីទី៩០+៧ កីឡាករបម្រុង Junior Santos របស់ក្រុម Botafogo បានបន្ថែមគ្រាប់បាល់ទី៣របស់ខ្លួន ធ្វើឲ្យក្រុមនេះកាន់តែមានទំនុកចិត្តក្នុងការឈ្នះពាននៅរដូវកាលនេះ។
ក្នុងកីឡដ្ឋាន Buenos Aires ប្រជាជនប្រេស៊ីលជាង៨០,០០០មានអារម្មណ៍គ្រប់បែបយ៉ាងដែលអាចធ្វើទៅបានក្នុងនាមជាអ្នកស្រលាញ់កីឡាបាល់ទាត់ដែលទទួលបានជ័យជម្នះ។ ភាពតក់ស្លុត ភាពត្រេកត្រអាល សោកសៅ និងកំហឹង គឺជាអារម្មណ៍ដែលអ្នកគាំទ្រទាំងពីរទទួលបានក្នុងរយៈពេលត្រឹមតែ៤៥នាទីប៉ុណ្ណោះបន្ទាប់ពីទទួលបានកាតក្រហម និងគ្រាប់បាល់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន២គ្រាប់។
លោក Gabriel Milito អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរបស់ក្លិប Atletico Mineiro មានអារម្មណ៍ខកចិត្តខ្លាំង ខណៈដែលក្រុមរបស់គាត់ខកខាន ជាពិសេសនៅពេលដែល Vargas ខ្ជះខ្ជាយឱកាសរកគ្រាប់បាល់របស់គាត់ ដែលធ្វើឲ្យក្លិបមួយនេះខកខានការឈ្នះពានរង្វាន់ជាលើកទី៥ជាប់គ្នា ហើយក៏ជាលើកទី១សម្រាប់ក្រុម Botafogo ក្នុងរយៈពេលជាង១០០ឆ្នាំទើបបានស្គាល់រសជាតិពានរង្វាន់ Copa Libertadores នៅឆ្នាំនេះ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)