ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចកែសម្រួលរបៀបរបបការងារ និងបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្ដ្រី ទាំង១២រូប ដើម្បីជួយការងារនាយករដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីសម្រេចដែលអង្ភភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត»ទទួលបាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
រាជរដ្ឋាភិបាលសម្រេច ៖ ត្រូវបានកែសម្រួលការកំណត់របៀបរបបការងារនិងការបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ដូចខាងក្រោម៖
១-លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិនិងសណ្តាប់ធ្នាប់ សាធារណៈ, ក្នុងក្របខ័ណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំកម្លាំង គ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន, ជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល, ជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សា ដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុក អនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
២-លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ, ផ្តល់យោបល់ជូននាយករដ្ឋមន្ត្រី អំពីក្របខ័ណ្ឌគោលនយោបាយ ក្រៅប្រទេស, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យនិងសម្រេចលើសំណើសុំកូន និង ការសុំលាសញ្ជាតិ, ជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ព្រមទាំង ទទួលបន្ទុកអនុវត្តការងារពិសេស ឬរបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
៣-លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី, លោកសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ប្រាក់ សុខុន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធាន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេស ផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
៤-លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារទាក់ទាញ ការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុកជា សហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បី អនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជួយនាយករដ្ឋមន្ត្រីលើ ការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន
៥-លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើវិស័យអប់រំ យុវជន និងកីឡា ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
៦-លោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, ជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ, ជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ, ជាសហប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ, ជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
៧-លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើ កិច្ចការមហាផ្ទៃ, ដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ, ការបំផ្លាញចោលអាវុធ, ជាសហប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ និងជាសេនាធិការជួយនាយករដ្ឋមន្ត្រី លើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រី ប្រគល់ជូន។
៨-លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យការពារជាតិ, ដឹកនាំនិងសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេង ទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
៩-លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យយុត្តិធម៌ និង ការងារជាមួយអង្គការតុលាការនិងអង្គការអយ្យការ, ជាសហប្រធានគណៈកម្មាធិការដឹកនាំ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ដឹកនាំសម្របសម្រួលការអនុវត្តនយោបាយព្រហ្មទណ្ឌ, ជួយនាយករដ្ឋមន្ត្រីលើការដឹកនាំសម្រប សម្រួលការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
១០-លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារ ពិពិធកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
១១-លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការ សម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី, ជួយនាយករដ្ឋមន្ត្រីក្នុង ការងារតាមដាន និងសម្របសម្រួលទាក់ទងនឹងកិច្ចការដែលនៅសេសសល់របស់តុលាការកាត់ ទោសអតីតមេដឹកនាំខ្មែរក្រហម, ជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់, ជាប្រធាន គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងជួយនាយករដ្ឋមន្ត្រី ក្នុងការងារ ទំនាក់ទំនងជាមួយរដ្ឋសភានិងព្រឹទ្ធសភា និងការរៀបចំចម្លើយតបនឹងសំណួររបស់សមាជិក រដ្ឋសភា ស្របតាមនីតិវិធីដូចមានចែងក្នុងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ, ដោះស្រាយការងារប្រចាំថ្ងៃ ជំនួសនាយករដ្ឋមន្ត្រីតាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារ ពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
១២-លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យមុខងារ សាធារណៈ, ជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងទទួលបន្ទុក អនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ជាគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រជុំពិគ្រោះ ការងារ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីស្តីទី។
ឧបនាយករដ្ឋមន្ត្រីមួយរូបៗ អាចមានទីប្រឹក្សា ៤រូប ក្នុងនោះ ២រូប មានឋានៈស្មើ រដ្ឋលេខាធិការ, ២រូប មានឋានៈស្មើ អនុរដ្ឋលេខាធិការ, និងជំនួយការ ៥រូប ក្នុងនោះ ១រូប មានឋានៈស្មើ អគ្គនាយក, ២រូប មានឋានៈស្មើ អគ្គនាយករង និង ២រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សុខ ខេមរា