ប៉េកាំង៖ លោក ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍន៍បែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូង ពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។
នេះបើតាមការឱ្យដឹងបន្ទាប់ពីជំនួបកម្រិតខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស៊ី ជីនពីង អគ្គ លេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងខណៈដែលសម្ដេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននោះ។
ក្នុងជំនួបនោះលោកស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានជួបសម្តេចតេជោដែលជាមិត្តចាស់សាជាថ្មី ហើយដែលឯកឧត្តមបានចាត់ទុក សម្តេចតេជោ ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មាន បទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាប្រវត្តិសាស្ត្រ។
លោកប្រធានាធិបតីលើកឡើងថា ក្នុងពេលដែលជំងឺរាត ត្បាតកូវីដ១៩ ផ្ទុះឡើង លោក មានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសចិន និង បានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោ ជាមួយរដ្ឋ ប្រជាជន និងគណបក្សកុម្មុយនីស្តចិន។ លោកបានបន្តថា ចិន និងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិន នឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនា រួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ហើយ នឹងបន្តពត់ដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស៊ី ជីនពីង ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនាពេលនេះ និងសូមពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជាជូនចំពោះលោកប្រធានាធិបតី ផងដែរ។ សម្តេចតេជោ បានបន្ថែមថា នេះជាឱកាសល្អដែលបានមកបំពេញទស្សនកិច្ចសាជាថ្មី ក្រោយរយៈ ពេល២០ខែ បន្ទាប់ពីទស្សនកិច្ចលើកមុនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។
សម្តេចតេជោ បានថ្លែងអំណរគុណលោកស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ដែលឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។ សម្តេចតជោ ក៏បានជម្រាបជូនប្រធានាធិបតី ស៊ី ជីនពីង អំពីការផ្លាស់ ប្តូរបន្តវេនអ្នកដឹកនាំដោយរលូន អស់រយៈពេល ជាង១ឆ្នាំកន្លង មកនេះ ហើយ អ្នកដឹកនាំបន្តវេនជំនាន់ថ្មី បានធ្វើការ ងារក្នុងល្បឿនលឿន ឈានទៅមុខរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។
ពាក់ព័ន្ធនឹងទាក់ទង នឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជា ការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថាន ការណ៍ទប់ស្កាត់ជំងឺកូវីដ ១៩ បានល្អប្រសើរ ឈានទៅស្តារ សេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់ រហ័ស។
សម្តេចតេជោបានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុកចិត្តខាងនយោបាយ ដោយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។ សម្តេចតេជោ បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។ សម្តេចតេជោ បានថ្លែងនូវសេចក្តីអំណរគុណដល់ ប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ ដោយសារជាគម្រោងមានតាំងពីសម័យព្រះបាទ អង្គឌួង មកម្ល៉េះ។ គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចច្រើន។
សម្តេចតេជោ បានស្នើបន្ថែមថា ចិន និងកម្ពុជា ១) បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ …។ល។, ២) បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធន៍របស់សម្តេចតេជោ ការ ស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណ បក្សទាំងពីរទៅអនាគត និង ៣)បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ បានអញ្ជើញប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បីបានឃើញសមិទ្ធផលយ៉ាង ច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់លោកកាល ពីឆ្នាំ២០១៦។
ជាការឆ្លើយតប ប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពចំពោះការវាយតម្លៃទំនាក់ទំនង កម្ពុជា-ចិន របស់សម្តេចតេជោ។ លោកស៊ី ជីនពីង ក៏បានលើកឡើងថា ប្រទេសចិន និងកម្ពុជា នឹងបន្តពង្រឹង ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ។
លោកស៊ី ជីនពីង លើកឡើងអំពីការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការកសាងគណបក្សរៀងៗខ្លួន និងគូស បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានភាព រឹងមាំដោយសារសម្តេចតេជោ រីឯ គណបក្សកុម្មុយនីស្តចិន ក៏បានធ្វើការពង្រឹងគណបក្សឱ្យកាន់តែរឹងមាំឡើង ជាលំដាប់ផងដែរ។ លោកស៊ី ជីនពីង បានជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ច-កោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ។
លោក ស៊ី ជីនពីង មានក្តីសប្បាយរីករាយ ដែលកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះដែរ កម្ពុជា-ចិន នឹងបន្តការ ផ្លាស់ប្តូរប្រជាជនឱ្យកាន់តែជិតស្និទ្ធ ដោយកម្ពុជាជាគោលដៅពេញនិយមសម្រាប់ទេសចរចិន។ លោកស៊ី ជីនពីង បន្ថែមថា កម្ពុជា-ចិនមានទំនុកចិត្ត ទៅវិញទៅមក ក្នុងការដោះស្រាយភាព ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ ហើយភាគីចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ ជាចុងក្រោយ លោកស៊ី ជីនពីង រីករាយ នឹងទទួលការអញ្ជើញរបស់ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប នាពេលខាងមុខ៕
ដោយ៖ សូរិយា