ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង ក្នុងមូលដ្ឋាន

ចែករំលែក៖

    ភ្នំពេញ ៖ នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ម៉ោង០២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កងកម្លាំងចម្រុះចំនួន៤០នាក់ បានដាក់គោលដៅចុះអនុវត្តការងារច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តយ៉ាងតឹងរឹងបំផុតចំពោះអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងនៅលើដងផ្លូវ នៅចំណុចមុខផ្សារប៉េងអុីម ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាតិស្រវឹង និងគ្រឿងញៀននៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវ៥០ម៉ែត្រ មុខផ្សារប៉េងអុីម ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

    តាមរបាយការណ៍ដដែលនេះបន្តថា ៖ សហប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ គ្រីស្នា ជាស្នងការរងទទួលការងារខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងមានការដឹកនាំចុះអនុវត្តផ្ទាល់ដោយលោកវរសេនីយ៍ទោ អែល សំណាង នាយរងការិយាល័យផ្លូវគោករាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ស៊ិន កុសល និងលោកវរសេនីយ៍ទោ អ៊ូច សុខដារ៉ា ជាអធិការរងខណ្ឌដង្កោ ដែលមានកម្លាំងចូលរួមចំនួន ៤០នាក់ ក្នុងនោះកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២១នាក់ និងកម្លាំង នៃអធិដ្ឋានខណ្ឌដង្កោចំនួន ១៩នាក់។ 

    របាយការណ៍ដដែលបានបង្ហាញថា ៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការបានត្រួតពិនិត្យលើយានយន្តឆ្លងកាត់គោលដៅមានចំនួនសរុប ១០៧គ្រឿង និងយានយន្តល្មើសសរុបចំនួន ១៥គ្រឿង (រថយន្ត០៣គ្រឿង និងម៉ូតូ១២គ្រឿង)។ ល្មើសជាតិស្រវឹងសរុប ១៥គ្រឿង កម្រិតពី០.២៥ ដល់កម្រិត ០.៣៩mg/L សរុប១២គ្រឿង អ្នកបើកបរម៉ូតូ១១នាក់ និងអ្នកបើកបររថយន្ត១នាក់ និងកម្រិតពី០.៤០mg/L ឡើងចំនួន០៣ គ្រឿង អ្នកបើកបរម៉ូតូ០១នាក់ និងអ្នក បើកបររថយន្ត០២នាក់។

    ក្នុងរបាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ៖ យានយន្តចំនួន ១០គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្នុងនោះរថយន្តចំនួន ២គ្រឿង និងម៉ូតូចំនួន ០៨គ្រឿង ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនបង់ផាកពិន័យតាមច្បាប់។

      លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ ឆ្លៀតក្នុងឱកាសនេះ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖