ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី “កម្មវិធីជំនួយឥត សំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័សនៅកម្ពុជា” (Indian Grant Assistance for Implementation of Quick Impact Project – QIP) រវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសុខភាពសិក្សា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានផ្តល់ដំណឹងអំពីការបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជារបស់លោកស្រីនាពេលឆាប់ៗខាងមុខនេះ ដោយបានឆ្លៀតយកឱកាសនេះជម្រាបលា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានគូសបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបន្តពង្រឹងពង្រីកចំណងមិត្តនភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើវិស័យអប់រំតាមរយៈកម្មវិធីអាហារូបករណ៍ការសាងសង់ សាលារៀនមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចជាការបន្តជួយគាំទ្រលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតំបន់ដាច់ស្រយាល ព្រមទាំងបានថ្លែង អំណរគុណចំពោះការផ្តល់នូវកិច្ចសហការប្រកបដោយការយកចិត្តខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡាកន្លងមក ដែលបានជួយសម្របសម្រួលជំរុញឱ្យរាល់គម្រោងគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាដំណើរការទៅដោយរលូន និងជោគជ័យ។
ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលឥណ្ឌា ក្នុងការបន្តផ្តល់ជំនួយឥត សំណងដល់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាច្រើនស្ទើរគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យអប់រំ ដែលផ្តល់អាហារូបករណ៍ និងជួស ជុលសាងសង់សាលារៀនជាច្រើនកន្លងមកដោយគូស បញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀត នៃការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងភាពជាដៃដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខុមាលភាពប្រជាជនកម្ពុជានៅតំបន់ដែលមានតម្រូវ ការបំផុត ព្រមទាំងបានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបាននូវជោគជ័យលើគ្រប់ភារកិច្ចការងារ និងបេសកកម្មនានានៅពេលខាងមុខបន្ដទៀត។
គួរបញ្ជាក់ដែរថា គម្រោងដែលចុះអនុស្សារណៈយោគយល់គ្នានាពេលនេះរួមមាន៖
(១). គម្រោងទី១៖ គម្រោងទឹកស្អាត និងអនាម័យ (Water, Sanitation and Hygiene in School) ឆ្នាំ ២០២៤-២០២៥ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដោយគ្រោងនឹងសាងសង់បង្គន់អនាម័យ ដែលមានកន្លែងលាងដៃចំនួន៤ នៅក្នុងសាលាចំនួន៤ គ្រោងផ្តល់ច្រាសដុសធ្មេញនិងថ្នាំដុសធ្មេញសម្រាប់សិស្សនិងគ្រូទាំងអស់នៃសាលា បឋមសិក្សាទាំង៤ និងសាប៊ូលាងដៃសម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ។
(២). គម្រោងទី២៖ ការរៀបចំប្រព័ន្ធទឹកនៅក្នុងសាលារៀនឆ្លើយតបទៅនឹងភាពធន់នៃអាកាសធាតុ (Climate Resilient School Water System) ឆ្នាំ២០២៤-២០២៥ នៅក្នុងខេត្តព្រៃវែង ដោយគ្រោងសាងសង់ប្រព័ន្ធទឹកដែលប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar energy-based standard school water system) នៅក្នុងសាលាចំនួន៥។
(៣). គម្រោងទី៣៖ ការអភិវឌ្ឍសាលាស្តង់ដាគំរូនៅសាលាបឋមសិក្សាមិត្តភាព កម្ពុជា-ឥណ្ឌា (Standard Model School Development at India- Cambodia Friendship Primary School) ឆ្នាំ ២០២៤-២០២៥ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលគ្រោងសាងសង់បង្គន់អនាម័យ មានកន្លែងលាងសម្អាតដៃចំនួន១បង្គន់ សាងសង់ក្លោងទ្វារសាលារៀន សាងសង់របងសាលារៀនរៀបចំប្រព័ន្ធទឹកស្អាតនៅក្នុងសាលារៀន និងកែលម្អបរិស្ថានសាលារៀន៕
ដោយ៖ សូរិយា