ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មានពិនិត្យលើលទ្ធភាពពង្រឹងមជ្ឈមណ្ឌលព័ត៌មានសម្រាប់ឆ្នាំ២០២៥ ដើម្បីបំរើព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហួត ឃាងវេង រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានណែនាំអោយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បង្កើនតួនាទីនិងភារកិច្ច ដល់មជ្ឈមណ្ឌលព័ត៌មានរបស់ក្រសួងព័ត៌មានសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ខណៈកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិធំៗជាច្រើន។

មានប្រសាសន៍នៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៅថ្ងៃទី៤ធ្នូនេះ នៅក្រសួងព័ត៌មាន លោក ហួត ឃាងវេង បានណែនាំអោយមានការផ្គត់ផ្គង់សម្ភារៈ បច្ចេកទេសសម្រាប់បំពេញសេចក្តីត្រូវការរបស់មជ្ឈមណ្ឌលព័ត៌មានដើម្បីធ្វើការងារ ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនេះ លោក ណែនាំអោយបង្កើនសមត្ថភាពមន្ត្រី សម្រាប់បំពេញការងារផលិតមាតិការព័ត៌មានល្អៗ សំខាន់ៗ ចេញពីព្រឹត្តិការណ៍ជាតិនិងអន្តរជាតិធំៗដែលរៀបចំនៅកម្ពុជាចែកជូនអ្នកសារព័ត៌មានអោយយកទៅផ្សាយបន្ត។

សូមរំលឹកថា មជ្ឈមណ្ឌលព័ត៍មានរបស់ក្រសួងព័ត៌មានធ្លាប់បានចូលរួមបំរើអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កន្លងមកនេះ គឺ នៅក្នុងសម័យប្រជុំពេញអង្គអង្គសភាអន្តរជាតិដើម្បីភាពអត់ឧន និងសន្តិភាពលើកទី១១ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI). កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន និងចុងក្រោយនេះគឺកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល៕

ដោយ ៖ សិលា


ចែករំលែក៖