ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញឱ្យគ្រប់ភាគីផ្តល់មតិយោបល់ និងធាតុចូលបន្ថែមលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យគ្រប់ភាគីផ្តល់មតិយោបល់ និងធាតុចូលបន្ថែមលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ ដើម្បីមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែមានភាពល្អប្រសើរ ក្នុងគោលដៅបម្រើដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ មានគុណភាព និងមានភាពធន់ ឆ្លើយតបទៅនឹងកត្តាប្រែប្រួលអាកាសធាតុ និងមានសង្គតិភាពទៅនឹងការរីកចម្រើននៃសង្គម សេដ្ឋកិច្ច និង បច្ចេកវិទ្យា។

  អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

  ថ្លែងក្នុងពិធីបើកសិក្ខាសាលាត្រួត ពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាស្ដីពី បទដ្ឋានបច្ចេកទេសផ្លូវជនបទនាពេលនេះ ស្ថិតក្នុងពេលដែលប្រទេសជាតិកំពុងទទួលបាននូវសុខសន្តិភាពពេញលេញ ដែលកើតចេញពីការធ្វើពលីកម្មគ្រប់បែបយ៉ាង និងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាពនៃកម្ពុជា ។ 

លោកបានបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ចាំបាច់សម្រាប់យកមកអនុវត្ត ក្នុងកម្មវិធីអាទិភាពទីមួយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍជនបទនៅកម្ពុជា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ចេញនូវគោលការណ៍ពង្រឹង ៧០% និង ពង្រីក ៣០%។ បច្ចុប្បន្ន ក្រសួង បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការស្ថាបនា កែលម្អ ស្តារឡើងវិញ ជួសជុល និងថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យនៅទូទាំងប្រទេស សរុបប្រមាណជាង១៦ ០០០ខ្សែផ្លូវ មានប្រវែងសរុបស្មើនឹងប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ ដើម្បីតភ្ជាប់ការដឹកជញ្ជូនកសិផល ការធ្វើធុរកិច្ច ការធ្វើដំណើរ ទៅទទួលសេវាកម្មផ្សេងៗ ទាំងសេវាសាធារណៈ និងសេវាឯកជន ក្នុងគោលដៅចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅជនបទ ទីក្រុង និងទីប្រជុំជន ឱ្យបានល្អប្រសើរឡើង។ 

លោករដ្ឋមន្ត្រី ក៏បានស្នើដល់អង្គសិក្ខាសាលាទាំងមូល មេត្តាចូលរួមផ្តល់មតិយោបល់ និងធាតុចូលបន្ថែម ដែលនឹងធ្វើឱ្យបទដ្ឋានបច្ចេកទេសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែមានភាពល្អប្រសើរ ក្នុងគោលដៅបម្រើដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ មានគុណភាព និងមានភាពធន់ ឆ្លើយតបទៅនឹងកត្តាប្រែប្រួលអាកាសធាតុ និងមានសង្គតិភាពទៅនឹងការរីកចម្រើននៃសង្គម សេដ្ឋកិច្ច និង បច្ចេកវិទ្យា ។

លោករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដោយផ្ទាល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារ:សំខាន់នេះ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទកម្ពុជា៕

ប្រភព ៖  «CCFR China state-controlled media »


ចែករំលែក៖