គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Vinicius Jr នឹងត្រឡប់មកវិញសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Atalanta នៅសប្តាហ៍ក្រោយ ខណៈដែលក្រុមកំពុងស្វែងរកការទទួលបានសន្ទុះឡើងវិញក្នុងការប្រកួត La Liga របស់ពួកគេជាមួយនឹងក្រុម Girona នៅថ្ងៃសៅរ៍នេះ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរងរបួសសាច់ដុំជើងក្នុងជ័យជម្នះ ៣-០ របស់ពួកគេនៅ La Liga នៅលើទឹកដីក្រុម Leganes កាលពីថ្ងៃទី២៤ ខែវិច្ឆិកា មុនពេលដែល Real បានធ្លាក់ចុះ២ប្រកួតក្នុង៣ប្រកួត ដោយចាញ់ក្រុម Liverpool និងចាញ់ Athletic Bilbao។
លោក Ancelotti បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា “ការមើលឃើញ Vinicius ត្រឡប់មកវិញគឺជាដំណឹងល្អ ផ្តល់ឱ្យយើងនូវការលើកទឹកចិត្តបន្ថែមទៀត។ គាត់បានជាសះស្បើយឡើងវិញហើយ។ គាត់នឹងមិនបានចូលរួមប្រកួតនៅថ្ងៃស្អែកទេ ប៉ុន្តែគាត់នឹងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតបន្ទាប់គឺនៅ Champions League”។
ទាំង Vinicius និង David Alaba ត្រូវបានគេឃើញក្នុងអំឡុងពេលហ្វឹកហាត់របស់ក្រុមកាលពីថ្ងៃសុក្រ ប៉ុន្តែខ្សែការពារអូទ្រីស Alaba ត្រូវការពេលវេលាបន្ថែមទៀតដើម្បីស្តារឡើងវិញនូវកាយសម្បទាពេញលេញ។
លោក Ancelotti បន្តថា “Alaba បានលើកទឹកចិត្តពួកយើងជាច្រើនក្នុងការហ្វឹកហាត់ ប៉ុន្តែគាត់ត្រូវការមួយខែទៀតដើម្បីត្រៀមខ្លួនលេងក្នុងខែមករា។ នៅខែធ្នូគាត់នឹងបន្តធ្វើការរៀងៗខ្លួន ហើយបន្តិចម្តងៗគាត់ក៏នឹងចូលរួមក្រុមផងដែរ ប៉ុន្តែថ្ងៃផុតកំណត់សម្រាប់គាត់គឺនៅឆ្នាំក្រោយ”។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមថា “ខ្ញុំមានការព្រួយបារម្ភ ហើយវាជារឿងធម្មតា ប៉ុន្តែវាមិនមែនជាបុណ្យសពទេ យើងនៅតែប្រយុទ្ធក្នុងគ្រប់ការប្រកួតទាំងអស់។ យើងទទួលស្គាល់បញ្ហារបស់យើង ប៉ុន្តែយើងត្រូវមានសុទិដ្ឋិនិយម ព្រោះយើងមានក្រុមដែលមានគុណភាព។ យើងមិនបានលេងឱ្យអស់ពីសមត្ថភាពរបស់យើងទេ ប៉ុន្តែយើងជឿជាក់ថាយើងនឹងធ្វើវាបាន មិនយូរមិនឆាប់ ការព្រួយបារម្ភគឺមធ្យម”។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីហាក់មានភាពស្ងប់ស្ងាត់ចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធ Kylian Mbappe ដែលស្ថិតក្រោមការត្រួតពិនិត្យបន្ទាប់ពីខកខានការពិន័យជាលើកទីពីររបស់គាត់ក្នុងមួយសប្តាហ៍ក្នុងការបរាជ័យ ២-១ នៅលើទឹកដីក្រុម Bilbao កាលពីថ្ងៃពុធ។
លោក Ancelotti បញ្ជាក់ថា “គាត់ដឹង គាត់មិនទាន់បានល្អបំផុតរបស់គាត់ទេ។ ច្បាស់ណាស់យើងនៅជាមួយគាត់ គាត់មិនបានលេងឱ្យអស់ពីសមត្ថភាពរបស់គាត់ទេ ប៉ុន្តែមានមនុស្សជាច្រើនដែលមិនទាន់ដឹង ហើយគាត់កំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់អាចធ្វើបានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ គាត់បានប្រសើរឡើងច្រើននៅពេលនិយាយអំពីភាពខ្លាំងនៃការប្រកួត។ ទល់នឹង Getafe គាត់ធ្វើបានជាអតិបរមា ហើយទល់នឹង Athletic គាត់ក៏ធ្វើបានល្អ។ វាជាកម្រិតដ៏ល្អមួយ យើងត្រូវគាំទ្រគាត់ ប៉ុន្តែនោះមិនមានន័យថាគាត់មាន ដើម្បីលេងគ្រប់ការប្រកួត”។
Real Madrid បច្ចុបន្នឈរនៅលេខរៀងទី២ និងតាមពីក្រោយក្រុម Barcelona ចំនួន៤ពិន្ទុជាមួយនឹងការប្រកួតក្នុងដៃ ទៅកាន់ទីក្រុង Girona ដោយក្រុមរបស់លោក Ancelotti បានចាញ់៥ប្រកួតក្នុងចំណោម១១ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់។
ការបរាជ័យចំនួន៣គឺនៅក្នុងក្របខ័ណ្ឌ Champions League ដែលក្រុមការពារតំណែងជើងឯកឈរនៅលេខរៀងទី២៤មាន៦ពិន្ទុ ដែលជាកន្លែងចុងក្រោយដែលមានសិទ្ធិសម្រាប់ការប្រកួតជម្រុះជុំចុងក្រោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)