ខេត្តត្បូងឃ្មុំ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ។
ប្រភពដដែលបន្តថា ជាក់ស្ដែងត្រីរាជទី១ មានទម្ងន់១២០ គីឡូក្រាម និងប្រវែងដងខ្លួន ២២២ ស.ម ,ត្រីរាជទី២ មានទម្ងន់៩៥ គីឡូក្រាម និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបានចាប់នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែងចូលក្នុងបឹងធម្មជាតិ។
ដោយឡែកត្រីរាជទី៣ មានទម្ងន់ ១៣១ គីឡូក្រាម និងប្រវែងដងខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧ គីឡូក្រាម និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបានលែងចូលក្នុងបឹងធម្មជាតិផងដែរ។
គួរជម្រាបថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង៕
ដោយ៖ តារា