ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្ត​កំពង់​ឆ្នាំង​ សម្រេច​ផ្តន្ទា​ទោសអតីតអភិបាលរងស្រុកកំពង់លែងម្នាក់ និងបក្ខពួក២នាក់ ពាក់ព័ន្ធ​ករណីទន្ទ្រានដីព្រៃលិចទឹក ដាក់ពន្ធនាគារ៣ឆ្នាំ និង៤ឆ្នាំ ពិន័យជាប្រាក់១០លានរៀល

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ ចៅក្រម​សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល​ លើអតីតអភិបាលរងស្រុកកំពង់លែង លោក ពុំ សុផល ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។

ដោយឡែក​ក្រៅពីអតីតអភិបាលរងស្រុក ក៏នៅមានបុគ្គល២នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនជាមួយគ្នានេះ គឺលោក លឹម ដានីន អតីតប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងឈ្មោះ ជួន តុំ ម្ចាស់សិប្បកម្មផលិតទឹកកក ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារម្នាក់៤ឆ្នាំ និងពិន័យ១០លានរៀល។ ការប្រកាសសាលក្រមបុគ្គលទាំង៣នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ហិកតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

បេីតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) លោក សយ ច័ន្ទវិចិត្ត បានឲ្យដឹងថា ដើម្បីដំណើរការគៃបំបាត់ដីរដ្ឋនេះ ជនសង្ស័យខាងលើបានប្រើប្រាស់ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះមិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណងធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេចបានត្រឹមទំហំ៤ហិចតា នៃផ្ទៃដី៩ហិចតា។

ការឈួសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័និងបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមក អង្គភាព។

អង្គភាពបានធ្វើការស៊ើបអង្គេត ប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី (សរុប១៥នាក់) ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំងបីខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួនពីរ (បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់) និង (បញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល)។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ទៀតថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួលឲ្យមានការឈួស ឆាយ កាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំនុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល (មាត្រា២៩ និយមន័យនៃអ្នកសមគំនិត)៕

ដោយ​៖ តារា​


ចែករំលែក៖