ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង ៥៧៣លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ ពោលគឺចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។
របាយការណ៍ដដែល បានបញ្ជាក់ថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល១១ខែ) មានចំនួន៥៦៨ ២៧៦ ០៥០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ៨៧៣ ៨៦៧ដុល្លារ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល១១ខែ) ជ័រកៅស៊ូមានតម្លៃ ១,៦៦២ដុល្លារ ក្នុង១តោន កើនឡើងចំនួន៣១៩ដុល្លារ ក្នុង១តោន ស្មើនឹង២៣.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ ២៣១ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
គួរបញ្ជាក់ថា កម្ពុជា ក្នុងឆ្នាំ២០២៣កន្លងទៅ រកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕
ដោយ៖ តារា