ខេត្តសៀមរាប៖ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាលឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែក កម្រិត១ ប៉ុនរ៉ានី ហ៊ុនសែន រ៉ុនតាឯក និងមន្ទីរពេទ្យបង្អែក កម្រិត១ ពាក់ស្នែង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានធ្វើការកោត សរសើរប្រកបដោយមោទនភាព ចំពោះមន្ត្រីរាជការ ដែលជាក្រុមការងាររៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្នុងសកម្មភាព និងកាយវិការនៃការផ្តល់សេវាសាធារណៈបានល្អ និងជាទីគាប់ចិត្តជូនដល់សាធារណជនជាពិសេសបេក្ខជន អស់ពីកម្លាំងកាយចិត្ត ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ លើសពីតួនាទីដែលបានកំណត់របស់ពួកគាត់។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ដោយរំលឹកថា មន្ត្រីរបស់យើងបានគិតគូរផ្តល់សេវាសាធារណៈ លើសពីការរៀបចំការប្រឡងប្រជែង មិនថាការពរមើល ថែកូនតូច ខណៈដែលឳពុក និងម្តាយកំពុងប្រឡងក្នុងពេលតែមួយ, ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់ជូនដល់បេក្ខជនខណៈដែលថេរវេលានៃការប្រឡងប្រជែងត្រូវប្រើប្រាស់ពេលវាលាយូររហូតដល់ ៨ម៉ោង, ការផ្តល់សេវាសុខាភិបាលខណៈដែលបេក្ខជនមានបញ្ហាសុខភាពក្នុងពេលប្រឡង, សម្របសម្រួលផ្តល់ព័ត៌មានគ្រប់ដំណាក់កាល និងគ្រប់ជ្រុង ជ្រោយទាំងតាមប្រព័ន្ធឡាញ និងដោយផ្ទាល់, ការផ្តល់មធ្យោ បាយដឹកជញ្ជូនបេក្ខជនពីមណ្ឌលប្រឡងមួយ ទៅមណ្ឌលប្រឡងមួយទៀតក្នុងករណីបេក្ខជនច្រឡំមណ្ឌលប្រឡង, ការរៀបចំទីតាំងសម្រាប់អាណាព្យា បាលរង់ចាំបេក្ខជន ដោយមានការផ្តល់ជូននំ និងភេសជ្ជៈសម្រាប់អាណាព្យាបាល និងបេក្ខជន ជា ពិសេសបានសម្របសម្រួលដំណើរការចូលរួមប្រឡង ប្រជែងដល់បេក្ខជនមានពិការភាព រួមទាំងការខ្វល់ ខ្វាយ និងយកចិត្តទុកដាក់ជាច្រើនទៀត។
អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះ វេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានបង្ហាញការសាទរមកលើការរៀបចំការប្រឡងប្រជែង ដោយលើកឡើងថា “នេះបង្ហាញពីការនវានុវត្តន៍ នៃការ ដឹកនាំរៀបចំរបស់ក្រសួងមុខងារសាធារណៈ។” លោក បានបង្ហាញការកោតសរសើរ ប្រកបដោយទំនុកចិត្តខ្ពស់ ស្របពេលដែលការប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខា ភិបាល នឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ សូរិយា