ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចចោទប្រកាន់ក្រុមក្មេងទំនើងជាជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅរសៀល​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនទាំងអស់មេត្តាជ្រាបថា៖​ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបាន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ១.ឈ្មោះ រិន លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ, ២.ឈ្មោះ ហឿន បញ្ញាវុធ ភេទប្រុស អាយុ១៥ឆ្នាំ, ៣.ឈ្មោះ ជឿន សុចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ ស៊ឹម សៀងតុង ភេទប្រុស អាយុ១៦ឆ្នាំ ចំណែកបក្ខពួកចំនួន០៤នាក់ផ្សេងទៀត ដែលបានគេចខ្លួន រួមមាន៖ ១.ឈ្មោះ រតនា រាជ ភេទប្រុស អាយុ១៥ឆ្នាំ, ២.ឈ្មោះ រ៉េត រ៉េ ភេទប្រុស អាយុ១៧ឆ្នាំ, ៣.ឈ្មោះ ផារី ផារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ ព្រំ លីហេង ភេទប្រុស អាយុ១៥ឆ្នាំ ដោយក្រុមជនសង្ស័យទាំង០៨នាក់ ជិះម៉ូតូចំនួន០៤គ្រឿង មានកាន់ដុំថ្មនៅក្នុងដៃ ហើយបានធ្វើ សកម្មភាពគប់ទៅលើជនរងគ្រោះឈ្មោះ ហាប់ ធានស៊ឹង ភេទប្រុស អាយុ១៣ឆ្នាំ និងឈ្មោះ ភា ជែម ភេទប្រុស អាយុ១៥ឆ្នាំ នៅចំណុចគល់ស្ពានទួលគរ ក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ បណ្តាលឱ្យឈ្មោះ ហាប់ ធានស៊ឹង រងរបួសចំកំភួនដៃទាំងសងខាង និងឈ្មោះ ភា ជែម រងរបួសចំកន្លាក់កំភួនដៃខាងឆ្វេង ។

បន្ទាប់ពីបានពិនិត្យភស្តុតាងក្នុងសំណុំរឿង តាមនីតិវិធីច្បាប់រួច តំណាងអយ្យការសម្រេច ចោទប្រកាន់លើជនសង្ស័យចំនួន ០៨នាក់ ខាងលើ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៨១៩ អយ.ង/២៤ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅត្រង់ចំណុចគល់ស្ពានទួលគរ ក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖