ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ពិភាក្សាពីការជំរុញភាពជាដៃគូជាមួយសមភាគីថៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ លើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងថៃ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីថៃ ដែលបានអបអរសាទរចំពោះ ឯកឧត្តមក្នុងការទទួលបានការតែងតាំងឡើងវិញជាប្រមុខការទូតរបស់កម្ពុជា និងបានឆ្លើយតបពីការ ប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើ វិស័យសំខាន់ៗ ដើម្បីជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ដែលបានពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការក្នុងការជំរុញភាព ជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ និងបានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះកំណើននៃពាណិជ្ជកម្ម ទ្វេភាគី និងទេសចរណ៍ ព្រមទាំងបានថ្លែងសរសើរការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងភ្នាក់ងារ អនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមនៃឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប។

លោក ប្រាក់ សុខុន និងសមភាគីថៃ ក៏បានពិភាក្សាលើការរៀបចំសកម្មភាពរួមគ្នាដើម្បីរំលឹក ខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត ហើយនឹងទន្ទឹងរង់ចាំកិច្ចប្រជុំលើកទី ១២ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ ដែលនឹងរៀបចំឡើងនៅប្រទេសថៃនៅឆ្នាំ២០២៥ ដើម្បីស្វែងរកមធ្យោបាយ និងវិធី ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធានាថា ប្រជាជាតិទាំងពីរកាន់តែទទួលបានវិបុលភាពរួមគ្នា និងភាពជាអ្នកជិតខាងល្អសម្រាប់ឆ្នាំខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖