ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាជួបគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា។ លោកអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

បន្ថែមពីនេះ លោកបានលើកឡើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជានិងចិន, ស្ថានភាពវិនិយោគនៅកម្ពុជាជារួម ដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ក្នុងរយៈពេល ១ទស្សវត្សរ៍មកនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ឬលេខ២ ជាបន្តបន្ទាប់។ មួយវិញទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តមអគ្គលេខាធិការបានធ្វើការកត់សម្គាល់ឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើនដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងមុខសញ្ញាថ្មីៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដូចជាការផលិតសំបកកង់រថយន្ត, ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក និងការផលិតគ្រឿងសង្ហារឹម ជាដើម ដែលឧស្សាហកម្មទាំងនេះបានបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់ជាងមុន និងប្រើបច្ចេកវិទ្យាទំនើប។ 

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការក៏បានស្នើឱ្យគណៈប្រតិភូគិតគូរវិនិយោគបង្កើតតំបន់តំបន់សេដ្ឋកិច្ចពិសេស ដែលអាចកៀងគរវិនិយោគិនមកពីខេត្តហ៊ូប៉ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញឱ្យមានការគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជាហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ 

ជាការឆ្លើយតប លោក អ៊ូ ជឺយុង បានមានប្រសាសន៍ថាលោកនិងគណៈប្រតិភូនឹងធ្វើការពិនិត្យពិចារណាចំពោះសំណើដែលឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងនាពេលនេះ។

លោកសង្ឃឹមថាទំនាក់ទំនងនៃប្រទេសយើងទាំងពីរតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជាពិសេសវិនិយោគិននៅខេត្តហ៊ូប៉ីមានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗពាក់ព័ន្ធនឹងវិនិយោគ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនធ្វើការសម្រេចចិត្តមុននឹងមកបណ្តាក់ទុននៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖