ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកទំនិញបើកលឿនពេក ចាប់ហ្រ្វាំងមិនសុី ជ្រុលចង្កូតទៅបុក ម៉ូតូ២គ្រឿង និងរថយន្ដ១គ្រឿងកំពុងចាំភ្លើងស្ដុប រងការខូចខាត​និងនារីម្នាក់របួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ៖ រថយន្ដធុនធំដឹកទំនិញមួយគ្រឿងបើកលឿនពេកចាប់ហ្រ្វាំងមិនសុីជ្រុលចង្កូតបុករះម៉ូតូ២គ្រឿងនិងរថយន្ដ១គ្រឿងដែលកំពុងរង់ចាំភ្លើងស្ដុប បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ត្រង់ចំណុចភ្លើងស្ដុប ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ដធុនធំដឹកទំនិញមួយគ្រឿងក្បាលពណ៌ខៀវលាយស ពាក់ស្លាកលេខ 3C.1976 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈពេលដល់ជិតដល់ចំណុចភ្លើងស្ដុបក៏បានចាប់ហ្វ្រាំងតែមិនសុីក៏ជ្រុលចង្កូតទៅបុក ម៉ូតូអូតូ មួយគ្រឿងពណ៌ឈាមជ្រូកជិះដោយនារីម្នាក់កំពុងតែរង់ចាំភ្លើងស្ដុប រួចក៏បន្ដរុញបុកម៉ូតូមួយគ្រឿងទៀតនិងរថយន្ដគាបជាប់រងការខូចខាត បណ្ដាលឲ្យនារីម្នាក់ដែលជិះម៉ូតូ អូតូ ត្រូវរថយន្ដកិនពីលើរងរបួសធ្ងន់ម្នាក់ ភ្លាមនោះក៏មានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យផងដែរ ។

ដោយឡែកតៃកុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍ដើម្បីសួរនាំ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងខាងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែង យករថយន្ដបង្ក និងម៉ូតូជនរងគ្រោះទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖