ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងត្រីមាសទី៣ឆ្នាំ២០២៤នេះ ក្រសួង បានដោះស្រាយបណ្ដឹងទាក់ទងនឹងកំហុសវិជ្ជាជីវៈចំនួន ១៧ ករណី។ ហើយក្រសួង ក៏បានកោះអញ្ជើញសាម៉ីខ្លួនឲ្យមកទទួលការអប់រំនិងតម្រង់ទិសបន្ថែមទៀតលើការអនុវត្តក្រមប្រត្តិបត្តិនិងវិជ្ជាជីវៈសារព័ត៌មាន។
លោកអ្នកនាំពាក្យ ក៏បានសរុបអំពីស្ថានភាពទូទៅនៃការប្រកបអាជីពសារព័ត៌មានក៏ដូចជាការដំណើរការប្រព្រឹត្តទៅនៃការផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសកម្ពុជា ប្រាប់ក្រុមការងារអេបក្រសួងព័ត៌មានថា គឺមានស្ថានភាពល្អ។
ឆ្លៀតឱកាសនេះដែរ លោកអ្នកនាំពាក្យ ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានទាំងអស់ដែលបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនបំពេញតួនាទីរបស់ខ្លួនក្នុងការប្រើព័ត៌មានពិតត្រឹមត្រូវដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងាររបស់ខ្លួនហើយទាំងនេះគឺទទួលបាននូវជំនឿទុកចិត្តពីសំណាក់សាធារណជន។
អ្នកសារព័ត៌មានគឺចាំបាច់គឺត្រូវតែប្រកាន់ជំហរស្មោះត្រង់សុចរិតនិងមិនលំអៀងដើម្បីធានាភាពថ្លៃថ្នូរលើកកម្ពស់គុណភាពតម្លៃវិជ្ជាជីវៈសារព័ត៌មានដោយមនសិការការពារផលប្រយោជន៍សាធារណៈ ។
សូមបញ្ជាក់ថាការប្រឹងប្រែងផ្តល់ព័ត៌មានពិត មិនលំអៀងនេះ នឹងទទួលបានមកវិញនូវជំនឿទុកចិត្ត ការកោតសរសើរនិងការគាំទ្រពីសំណាក់សាធារណជន ដែលធ្វើអោយអ្នកសារព័ត៌មាននោះ មានប្រជាប្រិយភាពនៅក្នុងវិស័យសារព័ត៌មាន។
ទោះយ៉ាងណាក៏ដោយបើតាមលោក ទេព អស្នារិទ្ធ ថាមានអ្នកសារព័ត៌មានយើងមួយចំនួនតូចដែលបានប្រព្រឹត្តិប្រាស់ចាកពីក្រមសីលធម៌ហើយក៏មានការផ្សព្វផ្សាយមួយចំនួនដែលបំពានលើក្រមសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មានបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដ៏ទៃ ឯកជនភាពរបស់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីសាធារណៈ ហើយបានធ្វើឱ្យប៉ះពាល់ដល់ការថែរក្សាធានាស្ថិរភាពនិងសុវត្ថិភាពសង្គមក្នុងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ។ហើយបើសិនជាគិតត្រឹមពាក់កណ្ដាលខែធ្នូនេះគឺក្រសួងព័ត៌មានបានទទួលពិនិត្យតាមបណ្ដឹងវិជ្ជាជីវៈពាក់ព័ន្ធនឹងវិជ្ជាជីវៈនិងចំនួន ៤៣ករណីដោយក្នុងនោះគឺមានពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌និងកំហុសវិជ្ជាជីវៈសារព័ត៌មាន។
ក្នុងឆមាសទីមួយឆ្នាំ២០២៤នេះក្រសួងព័ត៌មានបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទនានាការផ្សះផ្សារដល់អ្នកសារព័ត៌មានចំនួន ២០ករណីនិងជួយជ្រោមជ្រែងផ្ដល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើ ករណីវិវាទមួយចំនួនទៀត។
ចំពោះទិសដៅទៅមុខ ឆ្នាំ២០២៥ ក្នុងនាមក្រសួងព័ត៌មានជាសេនាធិការឲ្យរាជរដ្ឋាភិបាលនឹងបន្តការយកទុកដាក់ក្នុងការធានាបរិយាកាសល្អសម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាដោយប្រកាន់ជំហរម៉ឺងម៉ាត់លើកស្ទួយសេរីភាពសារព័ត៌មានដោយស្មើភាពគ្មានការរើសអើងនិងមិនប្រកាន់និន្នាការនយោបាយនោះឡើយ។
ទន្ទឹមនេះអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាឱ្យអ្នកសារព័ត៌មានទាំងអស់បង្កើនការពិភាក្សាដោយស្វែងយល់បន្ថែមឲ្យបានស៊ីជម្រៅទៅលើសិទ្ធិនិងករណីកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មានដោយយកយកធម្មនុញ្ញក្រុមវិជ្ជាជីវៈសារព័ត៌មានជាគោលនិងជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសអនុវត្តនិងពង្រឹងគុណភាពការងារ
ហើយអ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតការបន្លំការឡៃព័ត៌មានដោយមានចេតនាអាក្រក់បង្កឲ្យមានការរើសអើងស្អប់ខ្ពើមបង្កភាពចលាចលឬបង្ករឲ្យមានការបែកបាក់ក្នុងសង្គមដែលជាការដើរហួសគន្លងនៃវិជ្ជាជីវៈនិងក្របខណ្ឌច្បាប់ជាធរមាន។
សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឲ្យគោរពតាមក្រុមវិជ្ជាជីវៈឲ្យបានត្រឹមត្រូវហើយអនុវត្តតួនាទីភារកិច្ចក្នុងក្របខណ្ឌច្បាប់ដែលបានកំណត់ហើយអ្នកសារព័ត៌មានត្រូវប្រើប័ណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មានដោយការទទួលខុសត្រូវខ្ពស់ហើយកុំដើរហួសដែនកំណត់និងសិទ្ធិដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មានពីព្រោះអ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ចឬតុលាការឡើយ៕ ដោយ៖តារា
ប្រភព៖ ទទក