ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សខ្មែរអភិរក្ស បានដាក់លិខិតជាផ្លូវការគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំបង្កើតច្បាប់ ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ

ចែករំលែក៖

ភ្នំពេញ ៖ លោក រៀម ខេមរិន្រ្ទ ប្រធាន គណបក្សខ្មែរអភិរក្ស សូមគោរពជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា គណបក្សខ្មែរអភិរក្ស បានកត់ សម្គាល់ឃើញថា កន្លងមក និងបច្ចុប្បន្ននេះមានក្រុមជ្រុលនិយម បានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវ ចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតនូវព័ត៌មានញុះញង់ បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ ចលាចល ដល់ប្រជាពលរដ្ឋ ដែលនេះជាអំពើខុសច្បាប់ ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូល ទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។ ចំពោះការប៉ុនប៉ងធ្វើ រដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

គណបក្សខ្មែរអភិរក្ស ដែលជាគណបក្សសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា រក្សាជំហរ ដាច់ខាតគោរពនូវខ្លឹមសារកិច្ចព្រមព្រៀង ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យបានរឹងមាំ និងដើម្បីប្រមូល កម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយសំដៅឱ្យ ភាពសុខសាន្ត និងការអភិវឌ្ឍន៍រយៈពេលយូរ អង្វែង ដែលបានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ដែលត្រូវគោរពឱ្យបាននូវគោលការណ៍ចំនួន ៨ ចំណុចដូចតទៅ៖

១- ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

២- ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យដោយ រដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងឆ្លង សាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

៣- ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម

៤- រួមសហការគ្នាដើម្បីទប់ស្កាត់និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក្រកម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្ក អស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ ជាធរមាន។

៥- សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវទៀងទាត់តាមការ កំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។

៦- គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ចសហ ប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំងគ្នាក្នុងពេល យុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែលប្រឆាំងចំពោះដៃគូ ក្នុងសម្ព័ន្ធភាពរបស់ខ្លួន។

៧- កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារ កិច្ចព្រម ព្រៀងនេះ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី។

៨- បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀតដែលគាំទ្រ និងមានបំណងចង់ចូលរួមសហ ប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជាតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។

អាស្រ័យដូចបានគោរពជូនខាងលើ សូម សម្តេចមហាបវរធិបតី មេត្តាពិនិត្យពីលទ្ធភាពក្នុងការពន្លឿន រៀបចំតាក់តែងច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមជ្រុលនិយមទៅជាក្រុមភេរវករដោយក្ដីអនុគ្រោះ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖