ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថាពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ រក្សាស្ថិរភាពថ្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង។
ទទន្ទឹមនឹងនេះលោករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថាការងារនេះទាមទារឱ្យមានការសិក្សាឱ្យបានសុីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ មានស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ដោយមានអ្នកទទួលទិញពីកសិករ អ្នកកែច្នៃផលិតផល និងក្រុមហ៊ុនភស្តុភារកម្ម ដោយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងច្បាប់បទដ្ឋាននានាដេីម្បីជួយសម្របសម្រួលឱ្យការវិនិយោគនេះមានលទ្ធផលល្អ រលូន និងជួយដល់ប្រជាកសិករបានយ៉ាងពិតប្រាកដ។
ជជាទិសដៅបន្តលោករដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមហ៊ុនចិន បន្តសហការធ្វេីការជាមួយក្រសួងកសិកម្មក្នុងការងារនេះ និងបានលេីកទឹកចិត្តក្នុងការវិនិយោគនៅប៉ែកឦសានរួមមានខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
សូមជម្រាបជូនថា គោលបំណងនៃកិច្ច ប្រជុំនេះ គឺពិនិត្យលទ្ធភាពវិនិយោគពីភាគីក្រុមហ៊ុនចិនលេីការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា និងស្នេីការគាំទ្រពីក្រសួងកសិកម្មក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្ម ដេីម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី៕
ដោយ៖ សូរិយា