ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ ចំរុង បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍លើប្រធានបទ “បទពិសោធន៍ការងារ តួនាទី-ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា” ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) លើប្រធានបទ “បទពិសោធន៍ការងារ តួនាទី-ភារកិច្ច របស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា” ជូនដល់ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត សរុបប្រមាណជាង២,០០០នាក់ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ទីតាំងទី២ ស្ពានអាកាសចោមចៅ រាជធានីភ្នំពេញ ក្នុងនោះ អ្នកចូលរួមផ្ទាល់ជាង ១,០០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ជាង ១,០០០នាក់)។

ក្នុងឱកាសនោះ លោក សរ ចំរុង បានលើកឡើងអំពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៤៦ រហូតមកដល់បច្ចុប្បន្ន និងតួនាទីភារកិច្ចសំខាន់ៗរបស់រដ្ឋសភា ទី១-ការតាក់តែងច្បាប់ ទី២-ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និងទី៣-ភាពជាអ្នកតំណាង។ លោកប្រធានក៏បានលើកឡើងអំពីតួនាទីភារកិច្ចរបស់ គណៈកម្មការទី១ នៃរដ្ឋសភា ដែលបានអនុវត្តកន្លងមករួមមាន៖ 

-ពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស ការងារទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ការអង្កេត និងកិច្ចការទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងកិច្ចការផ្សេងៗទៀត ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់ជូន។ 

-តាមដាន អង្កេត ការគោរពសិទ្ធិមនុស្សនៅកម្ពុជាឲ្យបានសមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានអន្តរជាតិ ដែលពាក់ព័ន្ធក្នុងវិស័យ សិទ្ធិមនុស្ស ដែលព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់។ 

ចុះបំពេញបេសកកម្មនៅតាមក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ និងតាមដានការអនុវត្តច្បាប់ព្រមទាំងស្វែងយល់ពីការរីកចម្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល រួចធ្វើរបាយការណ៍ដាក់ជូនប្រធានរដ្ឋសភា។

-ពិនិត្យពាក្យបណ្ដឹង ធ្វើការសម្របសម្រួល ឬអន្តរាគមន៍ទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយជូនម្ចាស់បណ្ដឹងតាមរយៈប្រធានរដ្ឋសភា។ 

-ទំនាក់ទំនងជាមួយអង្គការជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន ដើម្បីស្វែងយល់ពីបញ្ហានានាដែល ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ ជាពិសេសពង្រឹង និងពង្រីកទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិជាមួយដៃគូអភិវឌ្ឍន៍នានា សភាបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក តាមរយៈទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ 

-ចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧នេះ រដ្ឋសភាបានអនុម័តច្បាប់សរុបចំនួនប្រមាណជា៦៦១ច្បាប់។

បន្ទាប់មក លោកក៏បានលើកឡើងអំពីគោលនយោបាយក្នុងប្រទេសដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញលើយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺមាន៖ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា និងការកែទម្រង់លើគ្រប់វិស័យ ការបន្តវេនប្រកបដោយសន្តិវិធី និងនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ និងជាអង្គឯកភាពជាតិទាំងមូល គឺយើងចង់កសាងកម្ពុជាឱ្យទៅជាប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ មានលទ្ធិប្រជាធិបតេយ្យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ 

ជាទីបញ្ចប់ លោក សរ ចំរុង ក៏បានលើកឡើងអំពីគោលដៅយុទ្ធសាស្ត្រសម្រាប់កម្ពុជារួមមាន៖ ១-ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពដែនដី និងការពាររាល់សមិទ្ធផល នៃសង្គមជាតិឱ្យបានស្ថិតស្ថេរគង់វង្ស ២-កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាព សម្បូណ៌សប្បាយ រស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរព សិទ្ធិមនុស្ស ៣-កសាងប្រព័ន្ធការពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្តល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌការងារ និងការរស់នៅ ៤-ជំរុញការអនុវត្តកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រោះថ្នាក់គ្រាប់មីនមិនទាន់ផ្ទុះឱ្យបានជាអតិបរមា ៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាពនិង កិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅលើពិភពលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ពិភពលោក។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សរ ចំរុង បានអញ្ជើញពិនិត្យមើលមហាវិទ្យាល័យនានានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖