ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​៖​ មានការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយចំនួនក្នុងកម្ពុជា​ ដូច្នេះ​សូមបងប្អូននាំកូនទៅចាក់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នា​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ជំងឺកញ្ជើលគឺជាជំងឺបង្កដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកព្រឹលនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកញ្ជឹលបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។ ប្រទេសកម្ពុជារួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្ជឹល ឡើងវិញ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍ នៅតាមព្រំដែនជាដើម។ 

ក្រសួងសុខាភិបាល កត់សំគាល់ឃើញថា ករណីនៃជំងឺកញ្ជឹលមានការកើនឡើង ជា បន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជ្រោលសរុប៣៧៥ ករណីក្នុងខេត្តចំនួន១៧។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកព្រឹល-ស្ទូច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង។ កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ របស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរក និងឆ្លើយតបជាបន្ទាន់។

១. របៀបចម្លង៖

-ជំងឺកផ្អើលអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែភាគច្រើនកើតមានចំពោះកុមារ។

-ជំងឺកញ្ជឹលឆ្លងតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ មេរោគនៅតែសកម្ម និងចម្លងតាមខ្យល់ ឬលើផ្ទៃដែលមាន មេរោគរហូតដល់ទៅពីរម៉ោង។

-ជំងឺកញ្ជ្រោលឆ្លងខ្លាំងណាស់ ប្រសិនបើគេដាក់អ្នកជំងឺកញ្ជីលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស១០នាក់ ផ្សេងទៀតដែលមិនបានចាក់វ៉ាក់សាំងការពារ នោះ៩នាក់ ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកញ្ជ្រោល

-ជំងឺកញ្ជឹលមានសមត្ថភាពឆ្លង ក្នុងអំឡុងបួនថ្ងៃមុនពេលចាប់ផ្តើមចេញកន្ទួលក្រហម រហូតដល់ទៅបួនថ្ងៃ បន្ទាប់ពីកន្ទួលក្រហមរលុបបាត់។

២. រោគសញ្ញា៖

-ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រោលចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស

-រោគសញ្ញាដំបូងច្រើន កើតមានក្នុងរយៈពេល ៤ ទៅ៧ ថ្ងៃ

• ហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក

• មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់

-កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើត មាន ៧ទៅ១៨ថ្ងៃបន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល៣ថ្ងៃ។ កន្ទួលក្រហម និងរលុបបាត់ក្នុងអំឡុង ៥ទៅ៦ថ្ងៃ។

-ផលវិបាករួមមាន៖

• ពិការភ្នែក

• ជំងឺរលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល)

• រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយ

• ឆ្លងមេរោគក្នុងត្រចៀក

• បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត

• ប្រសិនបើស្ត្រីមានជំងឺកញ្ជឹលអំឡុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយ អាចបណ្តាលឱ្យទារករបស់គាត់កើតមិនគ្រប់ខែ និងមានទម្ងន់ទាប។

• ផលវិបាកភាគច្រើនកើតមានចំពោះកុមារអាយុក្រោម ៥ ឆ្នាំ កុមារខ្វះអាហារូបត្ថម្ភ ជា ពិសេសបុគ្គលដែលមិនមានវីតាមីនអាគ្រប់គ្រាន់ បុគ្គលមានប្រព័ន្ធការពាររាងកាយខ្សោយ អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកមានជំងឺរ៉ាំរ៉ៃ។ វីរុសកញ្ជ្រោលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លង មេរោគផ្សេងៗដទៃទៀត បង្កលក្ខណៈឱ្យកុមារកាន់តែងាយរងគ្រោះខ្លាំង។

៣. របៀបបង្ការ៖

មធ្យោបាយដ៏ល្អបំផុត ក្នុងការបង្ការការកើតជំងឺកញ្ជ្រោល និងទប់ស្កាត់នៃការផ្ទុះរាលដាលនៃជំងឺកញ្ជ្រោល គឺ មានតែការចាក់វ៉ាក់សាំងចំនួនពីរដង ក្នុងវ័យកុមារភាព តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ

ដោយសារមានការកើនឡើងនៃជំងឺកញ្ជ្រោលឡើងវិញ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់មាតា បិតា និង អាណាព្យាបាលកុមារ សូមនាំកុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ដែលមានការខកខានមិនបាន ទទួលវ៉ាក់សាំង មកទទួលថ្នាំបង្ការជំងឺកញ្ជ្រោល-ស្ទូច ឱ្យបានពីរដូស និងគ្រប់គ្នា នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យនៅទូទាំងប្រទេស ប្រសិនជួបករណីសង្ស័យជំងឺកញ្ជ្រោល ដូចជាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួល ក្រហម សូមនាំកុមារមកពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬលេខ ០១២ ៨៣០ ៥៤៨ ឬ Email: orkvichit@yahoo.com៕

ដោយ​៖ តារា​


ចែករំលែក៖