ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​សៀមរាប​ ឃាត់ខ្លួនជនសង្ស័យ​ ៦នាក់ ​ពាក់ព័ន្ធ​ករណី​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត​សៀមរាប​ បានឱ្យដឹងថា​ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា៖ មានករណីលួចដោយមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៣និង៣០នាទី នៅចំណុចសួនរ៉ោករ៉ាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប​ ភ្លាមៗ​លោកបានចាត់កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងកងរាជអាហត្ថខេត្តសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់ថ្ងៃទី​២៧​ ខែធ្នូ​ម្សិលមិញនេះ​ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

ជនដៃដល់​ទាំង​ ៦នាក់ដែលត្រូវឃាត់ខ្លួននេះរួមមាន៖​ ១.ឈ្មោះ សូវ សុរក្សា ហៅ ស៊ុយ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

២.ឈ្មោះ ដឿម ឌីណា ភេទ ប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

៣.ឈ្មោះ តឿង សុខេង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស  ទីលំនៅបច្ចុប្បន្នរស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

៤.ឈ្មោះ ស៊ីរ៉ា ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

៥.ឈ្មោះ ឈឿត ឆាត ហៅ ឆើត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ លក់កាហ្វេ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

៦-ឈ្មោះ ផន ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ជាម្ចាស់កាំបិតខ្វែវ) ។

សូមជម្រាបជូនថា​ ក្រុមជនសង្ស័យទាំង ០៦នាក់នេះ និងបក្ខពួក បានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ ដុះ មករា ហៅ រ៉ា ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ចំពីលើខ្នង តែមិនមុតគ្រាន់តែមានស្នាមដាច់រលាត់បន្តិច និង កាប់លើម៉ូតូជនរងគ្រោះឈ្មោះ សៅ វិសាល ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បណ្ដាលឱ្យដាច់កំបាំងភក់ខាងក្រោយជាប់ជាមួយស្លាកលេខ បន្ទាប់មកក្រុមជនសង្ស័យ បានយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ហើយនាំគ្នាគេចខ្លួនបាត់ ។ 

ដោយឡែក​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៦នាក់ខាងលើ បានឆ្លើយសារភាពថា៖ ពួកខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាព យកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ និង កាប់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយកាំបិតខ្វែវដែលធ្វើសកម្មភាពនេះ គឺពួកខ្លួនដាក់ជាប់និងម៉ូតូស្រាប់ ចំពោះស្លាកលេខម៉ូតូរបស់ជនរងគ្រោះ គឺបក្ខពួកខ្លួន ឈ្មោះ ផលចាន់ បូរ៉ារិន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ(គ្មាន) រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ជាអ្នកកាប់យកស្លាកលេខ ម៉ូតូរបស់ជនរងគ្រោះ ហើយគេចខ្លួនបាត់ ។ 

ដោយមូលហេតុ៖ បណ្តាលមកពីក្រុមជនសង្ស័យខឹងជនរងគ្រោះយកដុំថ្ម គប់មកលើពួកខ្លួន ហើយថែមទាំងស្រែកប្រមាថរកកាប់ពួកខ្លួនមុន ។

វត្ថុតាងដកហូតរួមមាន៖ កាំបិតខ្វែវចំនួន ០១ និង ដុំថ្ម ០១ដុំ ។

ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងមានការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប​។ 

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប​ ដេីម្បីបន្តនីតិវិធី​ច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖