ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា(ត)

ចែករំលែក៖

ស្រមោលរាត្រីទោរទន់តាមពេលវេលាកាន់តែទៅមុខ។ ខ្យល់ជំនោរបក់មកយ៉ាងត្រសៀកប៉ះនឹងគុម្ពផ្កាលាន់ឮប្រាវៗប្រៀបបានគេដើរលើស្លឹកត្នោតងាប់។ មហាជនដែលធ្វើដំណើរដោយយានយន្តគ្រប់ប្រភេទឆ្លងកាត់ពីវិថីមួយទៅវិថីមួយយ៉ាងខ្វាត់ខ្វែងក៏ប្រញាប់ប្រញាល់រូតរះទៅកាន់លំនៅឋានរៀងខ្លួនដោយសារតែមេឃរកកលនឹងភ្លៀង។ ជាមួយនឹងទិដ្ឋភាពមនុស្សម្នាស្វែងរកទ្រនំដែលបញ្ជាក់ឲ្យដឹងថាយប់កាន់តែជ្រៅហើយ ស្រាប់តែគេឃើញ សោមា ក្នុងសម្លៀកបំពាក់ស្លៀកខោខូវប៊យជើងខ្លីលើក្បាលជង្គង់ បញ្ចេញសាច់ភ្លៅសខ្ចីដូចពងមាន់បក គួបផ្សំពាក់អាវខើចចេញរន្ធផ្សិតមើលឃើញសាច់ម៉ដ្ឋខៃជុំវិញចង្កេះ។ សម្លៀកបំពាក់ធុននេះជាការកំពុងពេញនិយមរបស់ក្មេងស្ទាវៗទិញស្លៀកពាក់ទាន់សម័យហ្វេសប៊ុកជឿនលឿន។ សោមា ខំរត់យ៉ាងត្រហេបត្រហបមកកាន់បងៗទាំងពីរដើម្បីឲ្យជួយ ព្រោះពេលនោះមានក្រុមក្មេងស្ទាវមួយក្រុមមានវ័យប្រមាណ 15 ទៅ16 ឆ្នាំដែលជិះរថយន្តនិងម៉ូតូទំនើបៗ មានធំ មានតូច សុទ្ធសឹងជាកូនអ្នកមាននៅក្រុងភ្នំពេញ នាំគ្នា រត់ដេញតាមលែបខាយនិងប៉ុនប៉ងប្រព្រឹត្តអំពើមិនល្អធ្វើឱ្យនាងភ័យបុកពោះមិនស្ទើរ។ នាងរត់មកស្រវាឱបចង្កេះវិសាលក្នុងន័យបន្លប់ធ្វើដូចជាវិសាលសង្សាររបស់នាង ហើយ ភាវី ហាក់ស្រឡាំងនឹងក្រុមក្មេងស្ទាវអត់មាយាទដែលបម្រុងធ្វើទង្វើពុំគប្បីមកលើប្អូនស្រី ។ 

  ពួកឯងចង់ធ្វើអីប្អូនយើង? (ភាវីស្រែកសួរទៅក្មេងស្ទាវ) ក្រុមស្ទាវមិនតប ហើយពេលឃើញដូច្នេះពួកគេទច់ជំហានង៉ក់រួចនាំគ្នាដើរត្រឡប់ទៅកាន់ម៉ូតូរបស់គេវិញទាំងចិត្តមួរហ្មង។

   ឱ្យមានសីលធម៌ខ្លះទៅ ប្អូនយើងមិនមែនជាស្រីរកស៊ីចិត្តងាយនោះទេ ពួកឯងកុំអត់មាយាទពេក។ ( វិសាលបន្ទរតាមក្រោយភាវី) ឯក្រុមក្មេងស្ទាវបានត្រឹមសម្លក់សម្លឹងចង់ស៊ីសាច់វិសាលតែប៉ុណ្ណោះ ហើយពួកគេក៏នាំគ្នាជិះម៉ូតូចេញពីនេះអស់ទៅ។

    ក្រុមក្មេងស្ទាវចេញផុតបានមួយសន្ទុះ គេឃើញកំលោះក្រមុំទាំង៣នាក់ប្រញាប់ប្រញាល់ឡើងជិះម៉ូតូធ្វើដំណើរត្រឡប់ទៅផ្ទះវិញទាំងតក់ក្រហល់ ។ ព្រោះតែឃើញសភាពការណ៍មិនស្រួលបែបនេះវិសាល មិនបណ្តោយសង្សារ និងអនាគតប្អូនថ្លៃធ្វើដំណើរត្រឡប់ទៅផ្ទះវិញតែពីរនាក់នោះទេ។ មាណពយើងបានជូនដំណើរសង្សាររហូតដល់ផ្ទះនៅឯចោមចៅ ទើបជិះម៉ូតូម្នាក់ឯងវិលត្រឡប់ទៅផ្ទះនៅសង្កាត់ច្បារអំពៅវិញ។

   នៅតាមផ្លូវខណៈដែលវិសាលជិះម៉ូតូត្រឡប់មកផ្ទះវិញតែឯង ក្នុងដួងចិត្តរបស់គេហាក់ស្រាលខ្លួនដូចសំឡីព្រោះតែគិតម្ដងហើយម្ដងទៀតក្នុងទេសៈកាលៈស្អែកនេះគេត្រូវបែកពីសង្សារសំណព្វចិត្តហើយ។ គេជិះម៉ូតូបណ្តើរ សញ្ជប់សញ្ជឹងបណ្ដើរ សូម្បីរថយន្ត ម៉ូតូ ស៊ីក្លូ ម៉ូតូកង់៣ ឆ្លងកាត់ខ្វាត់ខ្វែងពីមុខគេមិនចាប់អារម្មណ៍ឡើយ។ ទីបំផុតភ្លាមនោះស្រាប់តែកញ្ញាស្រស់ឆើតឆាយម្នាក់មានសក់ទង់ដែងដូចស្ត្រីជនជាតិអឺរ៉ុបពាក់វ៉ែនតាខ្មៅ ច្រមុះស្រួច បបូរមាត់ក្រហមដូចចំពុះសេក បើករថយន្ត lexus 570 ពណ៌ខ្មៅរលោងដូចស្លាបក្អែកបានជាន់ហ្វ្រ័ងនិងស៊ីផ្លេស្ទើរបែកក្រដាសត្រចៀកនៅពីក្រោយវិសាលដែលជិះម៉ូតូនៅលើទ្រូងផ្លូវ។ នៅសល់តែប្រមាណ ១ ម៉ែត្រប៉ុណ្ណោះអាចមានឧបទ្ទវហេតុអាក្រក់កើតឡើងដោយរថយន្តនេះបុកជាមិនខាន។

 – នែ! ពូឯងចង់ស្លាប់ឬអី បានជាបើកម៉ូតូកណ្ដាលថ្នល់លើផ្លូវឡានអ៊ីចឹង? កញ្ញាឆើតឆាយចុចកញ្ចក់ឡានស្ដីបន្ទោសឱ្យមាណពយើង។ វិសាលភ្ញាក់ដូចគេចោល ប្រញាប់កាច់ចង្កូតម៉ូតូអែបខាងរួចនិយាយសុំទោសម្ចាស់រថយន្តទាំងភ័យញ័រ។

   សុំទោសអ្នកនាង ខ្ញុំពិតជាខុសមែនដោយសារខ្ញុំមានអារម្មណ៍មិនល្អ។

   ល្បិចពូឯងជិះម៉ូតូកណ្ដាលថ្នល់ឲ្យឡានបុកដើម្បីងាយស្រួលទារសំណងមែនទេ?( កញ្ញាឆើតឆាយបន្តសម្តី)

   ទេ ទេ! ខ្ញុំគ្មានបំណងយ៉ាងនេះទេសូមអ្នកនាងអភ័យទោសឲ្យខ្ញុំផង។ (វិសាលបដិសេធម្តងទៀត) ពេលនោះរថយន្តរបស់កញ្ញាស្រស់ឆើតឆាយបម្រុងនឹងរោទិ៍ម៉ាស៊ីនបញ្ជាទៅមុខទៀត តែត្រូវឈប់វិញដោយនៅបាំងខាងក្រោយលិចមុខបុរសចំណាស់ម្នាក់មានវ័យជាង៧០ឆ្នាំអើតមុខតាមទ្វារឡានមកសួរមាណពយើង÷

   ពីណាដូចអាវិសាល កូនមីក្តា? ភ្ញាក់ដូចគេចោល វិសាលក្រឡេកមើលមុខបុរសវ័យចំណាស់ហេតុអីបានស្គាល់ឈ្មោះម្ដាយរបស់គេច្បាស់ម៉្លេះ។ គេយកដៃញីភ្នែកម្ដងហើយម្ដងទៀតទើបលាន់មាត់ថា

   ហ្អា! គឺ…អ៊ំឧត្តមទេ…ខ្ញុំនេះហើយវិសាលកូនមែ៉ចិន្តាណាលោកអ៊ំ

  – អើ!…ហើយស្មើនេះក្មួយឯងទៅណាមកណាបានជាជិះម៉ូតូកណ្ដាលផ្លូវអ៊ីចឹង…នេះសំណាងហើយដែល វតី្ត កូនពៅស្រីអ៊ំជាន់ហ្រ្វ័ងទាន់កុំអីឯងមិនដឹងជាយ៉ាងណាទេ។

  – សុំទោសអ៊ំ ខ្ញុំគ្មានបំណងយ៉ាងនេះទេ តែមកពីអារម្មណ៍របស់ខ្ញុំមិននឹងន៎ គិតច្រើនពេក។

  – ឯងគិតច្រើនរឿងអីបានជាបណ្ដោយជីវិតមិនខ្លាចស្លាប់យ៉ាងនេះ ? ហី..ម៉េចហើយម្តាយឯងសុខសប្បាយទេ?

    បាទលោកអ៊ំគាត់សុខសប្បាយទេ តែមួយរយៈនេះគាត់មានជំងឺលើសឈាមនិងទឹកនោមផ្អែមគួរឱ្យបារម្ភណាស់អ៊ំ!

  – អើ..អ៊ំខានបានជួបវាជិត២ឆ្នាំហើយតាំងពី វត្តី ទៅរៀននៅអូស្ត្រាលីមកម្ល៉េះ! លោកឧត្តមយកដៃគោះស្មាកូនស្រីប្រាប់វិសាល។ វត្តីមិនតបនាងធ្វើមុខស្មើ ហើយត្រូវបានឪពុកណែនាំឱ្យស្គាល់គ្នា។

– វត្តីកូនស្រីប៉ា! កូនកុំខឹងវិសាលអី វិសាលនេះហើយជាកូនរបស់ប្អូនស្រីជីដូនមួយនឹងប៉ា។ កូននិងវិសាលត្រូវជាបងប្អូនជីទួតមួយមិនឆ្ងាយគ្នាទេ ដូច្នេះគួររាប់អានគ្នាទៅ។ វត្តីនៅតែមិនតបតហើយសំដែងទឹកមុខមាំដដែល។ លោកឧត្តមណែនាំបន្តដោយនិយាយទៅកាន់កូនស្រីថា

  – ឯងមានអាយុប្អូនវិសាលបីឆ្នាំដូច្នេះឯងត្រូវហៅគេបងៗទៅមិនខុសទេ ព្រោះជាសាច់ឈាមយើងណាកូន។

   វត្តី ហាក់ប្ដូរអត្តចរិត១០០អង្សាព្រោះស្តាប់តាមការណែនាំរបស់ឪពុក។ ស្រស់ស្រីដោះវ៉ែនតាចេញពីភ្នែករួចលើកដៃសំពះវិសាល។

    ឱ្យប្អូនសុំទោសផងបង ដោយមុននេះប្អូនប្រើសំដីមិនសមរម្យដាក់បង។ វិសាលលើកដៃសំពះវត្តីវិញសឹងមិនទាន់។

    មិនអីទេការពិតគឺបងទេជាអ្នកខុសនិងគួរសុំទោសប្អូនស្រីនោះ។

  – ណ្ហើយ!ប៉ុណ្ណឹងចុះ យប់កាន់តែជ្រៅហើយក្មួយគួរប្រញាប់ទៅផ្ទះវិញទៅកុំឱ្យម៉ែចាំ..ថ្ងៃក្រោយចាំជួបគ្នាទៀត ហើយផ្ដាំទៅម៉ែឯងផងថាអ៊ំសុខសប្បាយទេ (លោកឧត្តមនិយាយកាត់)រួចលូកដៃយកលុយ១០០ ដុល្លារហុចឲ្យវិសាល។ វិសាលបដិសេធមិនទទួលយកលុយទេ តែលោកឧត្តមនៅតែហុចស៊កដាក់ហោប៉ៅគេទាល់តែបាន រួចឲ្យកូនស្រីបើកឡានបន្តដំណើរទៅមុខទៀត។ រថយន្តអ៊ំប្រុសបានចាកចេញទៅផុតមែន តែអ្វីបន្សល់ទុកក្នុងអារម្មណ៍វិសាលគឺគេមិនអស់ចិត្តសោះហេតុអ្វីបានជាគេគ្មានស្មារតីក្នុងខ្លួនហើយជិះម៉ូតូចូលទៅទ្រូងផ្លូវទាំងមិនដឹងខ្លួន។ តើនេះជាប្រផ្នូលមិនល្អសម្រាប់ស្នេហារបស់គេមែនទេ? ម្យ៉ាងវិញទៀតហេតុអ្វី វត្តី ដែលជាប្អូនជីទួតមួយនឹងខ្លួនមានរូបសម្បត្តិស្រស់ស្អាតសោះបែរជាប្រើសម្ដីមិនសមរម្យដាក់គេ? 

   វិសាល បានប្រមូលអារម្មណ៍ឲ្យប្រសើរឡើងវិញ រួចគេបន្តដំណើរទៅផ្ទះយ៉ាងស្ងៀមស្ងាត់ដោយនាំមកក្តីកង្វល់គ្មានទីបញ្ចប់។ ( តទៅថ្ងៃសៅរ៍ក្រោយ)


ចែករំលែក៖