អន្ដរជាតិ៖ នៅថ្ងៃទី១០ ខែមិថុនា មន្ត្រីហ្វីលីពីនបានបន្តធ្វើបច្ចុប្បន្នភាពអំពីការខូចខាតទាំងមនុស្ស និងសម្ភារៈ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃទី៨ ខែមិថុនា។
គិតត្រឹមពេលនេះ របាយការណ៍បង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៦ នាក់ ដោយ ១៧ នាក់បាត់ខ្លួន និង ៤៨៧ នាក់រងរបួស។ ទន្ទឹមនឹងនេះ ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សបាត់ខ្លួននៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង។
មន្ត្រីម្នាក់មកពីការិយាល័យការពារជនស៊ីវិលហ្វីលីពីន លោក Rafaelito Alejandro បាននិយាយថា ជនរងគ្រោះបន្ថែមភាគច្រើនមកពីខេត្ត Davao Occidental ដែលភាគច្រើនស្លាប់ដោយសារការរអិលបាក់ដី ឬកប់នៅក្រោមរចនាសម្ព័ន្ធដែលដួលរលំ។
យោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) គិតត្រឹមថ្ងៃទី១០ ខែមិថុនា គ្រោះរញ្ជួយដីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រមាណ ២៣៨ រួមទាំងមន្ទីរពេទ្យ សាលារៀន និងស្ពាន រួមជាមួយនឹងផ្ទះជិត ៣០០០ ខ្នង។ ទីភ្នាក់ងារនេះក៏បានរាយការណ៍ផងដែរថា គ្រោះមហន្តរាយនេះបានប៉ះពាល់ដល់គ្រួសារជាង 33,000 គ្រួសារ ឬប្រហែល 150,000 នាក់ ដោយមានមនុស្សជាង 41,000 នាក់ត្រូវបានជម្លៀសចេញ។
តំបន់ជាច្រើននៅទូទាំងតំបន់មីនដាណាវ និងនៅកណ្តាលប្រទេសហ្វីលីពីននៅតែជួបប្រទះនឹងការរញ្ជួយដីជាបន្តបន្ទាប់ ដោយមានរញ្ជួយដីជាង 1,700 ត្រូវបានកត់ត្រាចាប់តាំងពីការរញ្ជួយដីដ៏ធំ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច