ខេត្តសៀមរាប – ឧត្តរមានជ័យ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យប្រារព្ធឡើងនៅសាលប្រជុំ នៃសណ្ឋាគារសុខាសៀមរាបនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជាបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្ត សៀមរាបនិងឧត្តរមានជ័យ។
ថ្លែងសារពិសេសពីខេត្តសៀមរាបក្នុងឱកាសជួបសំណេះសំណាលនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលដកស្រង់ប្រសាសន៍របស់សម្តេចខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសម្ដេចតេជោបានផ្ញើសារទៅកាន់អ្នកសារព័ត៌មានថៃជុំវិញប្រសាសន៍សម្តេចកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យថា សម្តេចមិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធាដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន គ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឱ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកទឹកដីដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញនិងជម្រើសទី២ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមរយៈយន្តការច្បាប់ អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា ជម្រើសទី១ គឺការប្រើកម្លាំងយោធា កម្ពុជាមិនត្រូវការឡើយតែសម្តេចបានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកតាមយន្តការច្បាប់អន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញ ការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ សម្តេចក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុក ដាក់ផ្តល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សនិងមានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជន ដោយសម្តេចបានលើកបង្ហាញពីវីរភាពនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ដើម្បីជាតិ ទឹកដីនិងប្រជាជន។ ដើម្បីជាការតបស្នងស្នងគុណក៏ដូចជាការអនុវត្តនយោបាយ«ខឿនការពារជាតិរបស់ប្រជាជន» សម្តេចបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេកុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានានិងចូលរួមថែរក្សាឱ្យបានគង់វង្ស។ សម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀននិងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ជៀសវាងភាពអសកម្មឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។
សូមរំលឹកផងដែរថា នេះជាបេសកកម្មលើកទី១៣ និងចំនួន១៥ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តស្វាយរៀង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកណ្ដាល និងខេត្តសៀមរាប-ឧត្តរមានជ័យ នាថ្ងៃនេះ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច