ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន

ចែករំលែក៖

តាមក្រសួងអភិវឌ្ឍន៍នគរូបនីយកម្ម និងលំនៅឋានអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ចំនួនជនគ្មានផ្ទះសម្បែងនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងជាមួយការបំបែកកំណត់ត្រាថ្មីមួយនៅក្នុងឆ្នាំ២០២៤នេះ ខណៈដែលវិបត្តិអតិផរណា និងតម្លៃផ្ទះឡើងថ្លៃស្ថិតនៅក្នុងចំណោមកត្តាសំខាន់ៗនៅពីក្រោយការកើនឡើងនេះ។
នៅក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រសួងបានឱ្យដឹងទៀតថាមនុស្សប្រមាណ៧៧១ ៤៨០នាក់ គ្មានផ្ទះសម្បែង ឬកើនឡើង១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមនុស្ស ប្រហែល ៦៥៣,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ជាជនគ្មានផ្ទះសម្បែង ។ ក្រៅតែពីបញ្ហាអតិផរណា និងតម្លៃផ្ទះឡើងថ្លៃ គ្រោះមហន្តរាយធម្មជាតិ ការរើសអើងជាលក្ខណៈប្រព័ន្ធ និងការកើនឡើងចំនួនជនអន្តោប្រវេសន៍ក៏ជាមូលហេតុនៅពីក្រោយការកើនឡើងចំនួនអ្នកគ្មានផ្ទះសម្បែង នៅសហរដ្ឋអាមេរិកផងដែរ។
បើតាមរបាយការណ៍ខាងលើដដែល នៅចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ មនុស្សមានអាយុក្រោម១៨ឆ្នាំ គឺជាក្រុមមនុស្សដែលគ្មានផ្ទះសម្បែងក្នុងចំនួនច្រើនជាងគេស្មើនឹងជិត ១៥០ ០០០នាក់ ឬស្មើនឹង៣៣ភាគរយ ខណៈពលរដ្ឋអាមេរិកស្បែកខ្មៅ តំណាងឱ្យ ៣២ភាគរយនៃជនគ្មានផ្ទះសម្បែង៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖