ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកផ្លោះរបងចូលទីតាំងអគារទុកចោលមួយកន្លែងសង្ស័យចូលទៅលួចសម្ភារៈខាងក្នុង ប៉ុន្តែត្រូវសន្តិសុខយាមនៅខាងក្នុងឃើញទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២០៦ កែងផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសន្តិសុខយាមនៅទីនោះបានឱ្យដឹងថា អគារមួយនេះត្រូវបានម្ចាស់គេដាក់ស្លាកជួលហើយទុកចោលគ្មានសម្ភារៈនៅខាងក្នុងនោះទេ ហើយនៅម៉ោងប្រហែលជា ១១ គាត់បានឮសូរសំឡេងម៉ូតូមួយគ្រឿងជិះមកដល់ខាងមុខអគារហើយក៏បាត់សំឡេង។ មួយសន្ទុះក្រោយមកក៏លេចមុខបុរសម្នាក់ផ្លោះរបងចូលមកខាងក្នុង។ គាត់ឃើញទាន់ភ្លាមៗក៏ដេញតាមចាប់ដល់ខាងក្នុងអគារក៏មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ខណៈពេលកំពុងជិះល្បាតក៏ចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនយកទៅប៉ុស្តិ៍។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ១ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ