ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង ធ្វើពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំសេចក្តីសុខចំរើន មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរើនមុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»ឱ្យបានសេចក្ដីសុខសប្បាយហើយប្រព្រឹត្តទៅដោយរលូននិងប្រកបដោយជោគជ័យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ដំណើរការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ មុននឹងចាប់ផ្តើមនូវព្រឹត្តិការណ៍ឬការសាងសង់សំណង់អ្វីមួយ ខ្មែរយើងតែងបានប្រារព្វនូវពិធីនេះមិនដែលខកខានឡើយ។

   ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសម្អាតអនាម័យបរិស្ថានជាដើម។ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជាង៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន៥ ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។

សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំព្រឹត្តិការណ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការប្រកួតចំនួន២គូ គឺគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជាក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA

ដោយគ្រោងមានអ្នកចូលរួមប្រមាណជាង៥ម៉ឺននាក់ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះដែរ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានការរៀបចំប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះ= ឈ្នះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ 

ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀប រយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះ=ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

ដោយ  ៖ សំរិត


ចែករំលែក៖