ភ្នំពេញ ៖ យុវជន០២នាក់ជិះម៉ូតូចេញពីលេងបាល់បំណងទៅផ្ទះក៏ស្រាប់តែមានក្មេងទំនើងមួយក្រុមជិះតាមពីក្រោយ ប្រដាប់ដោយដាវ មកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូតែមិនបានសម្រេច ហេីយនាំគ្នារត់គេចខ្លួនបាត់អស់ទៅ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីយុវជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុគាត់បានលេងបាល់ជាមួយពួកម៉ាក់នៅក្បែរស្ពានដែកចំការដូង ស្របពេលដែលលេងបាល់នោះក៏មានក្មេងទំនើងមួយក្រុមបានអង្គុយនៅក្រៅតារាងបាល់ ហើយបានស្រែកសួរមកកាន់ពួកគាត់ថា
«អ្ហែងមើលមុខអី» ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍នោះឡើយ ក៏បន្តលេងបាល់ធម្មតា ។ លុះមកដល់វេលាម៉ោង ១០ ពួកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-1741 តាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ក្នុង គោលបំណងត្រឡប់ទៅផ្ទះ ។ ខណៈនោះក៏លេចមុខក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបម្រុងស្ទុះមកកាប់ពួកគាត់ តែបានឃើញមុនក៏បានផ្តួលម៉ូតូ រួចដកសោចេញពីម៉ូតូ ។ ភ្លាមៗនោះក្រុមក្មេងទំនើងបានដកកាំបិតកាប់ម៉ូតូយ៉ាងចាស់ដៃ ហើយបម្រុងលើកម៉ូតូរបស់ពួកគាត់ជិះចេញ តែសំណាងល្អពួកគាត់បានដកសោចេញ ទើបធ្វើអោយក្រុមក្មេងទំនើងជិះគេចខ្លួនតែម្តង ។
ប្រភពដដែលបន្តថា ភ្លាមៗនោះខ្លួនមិនហ៊ានចេញពីផ្ទះអុីលក់ចាបហួយនោះឡើយ បានបន្តលាក់ខ្លួនរហូតដល់ម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ដោយមើលឃើញថារាងស្ងប់ស្ងាត់ ទើបសម្រេចចិត្តចេញទៅយកម៉ូតូរួចបណ្តើរឡើងទៅកាន់ផ្លូវធំ ក៏ត្រូវបានពលរដ្ឋឃើញសួរនាំបង្កអោយមានការភ្ញាក់ផ្អើលថា មានករណីកាប់ប្លន់ ខណៈនោះពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍ដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់ ៕
ដោយ៖សុខាសែនជ័យ