ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ៖ ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសរ  សុដានី សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានមានប្រសាសន៏ថា  ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ការមានប្រសាសន៍នេះធ្វើឡើងនាព្រឹក ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី ទើបដល់អាយុ១៨ឆ្នាំ បានចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣និង២០២៤ ចំនួន៨៩នាក់ស្រី៤៨នាក់ របស់គណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង នាសាលប្រជុំគណបក្សសង្កាត់ស្វាយតឿ។

លោកបានបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច។

ក្នុងនាមយុវជនជំនាន់ក្រោយ ត្រូវចេះពិចារណាឲ្យបានច្បាស់លាស់ រាល់ព័ត៌មានបំភ្លៃរបស់ជនអគតិមួយចំនួនដែលមានចេតនា ចង់បំភ្លៃ បំភ្លេច បំផ្លាញគោលនយោបាយគណបក្សប្រជាជន ពិសេសសមិទ្ធផលស្នាដៃរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានព្រឹទ្ធសភា បច្ចុប្បន្ន មានសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក ក៏បានជំរុញលើកទឹកចិត្តដល់យុវជនដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយ ជឿជាក់និងគោរពស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានា ដែលគណបក្សប្រជាជនខិតខំប្រឹងប្រែងកសាងដើម្បីជំរុញខឿន សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេស នៅក្រុងស្វាយរៀង ក្នុងសង្កាត់ស្វាយតឿនេះ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងស្វាយរៀង បានផ្ដល់ទីផ្សារការងារជាច្រើនដល់ប្រជាពលរដ្ឋមិនចាំបាច់ចំណាកស្រុកនោះទេ។

បន្ថែមលើសពីនេះលោក សរ សុដានី បានស្នើដល់យុវជនដែលជាសមាជិកបក្សថ្មី គាំទ្រប្ដូរផ្ដាច់ ជំរុញ និងកៀរគរសមាជិក សមាជិករបក្សផ្សេងឲ្យងាកមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាបន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី ជាពិសេស សូមជូនពរដំណើរកម្សាន្តរបស់បងប្អូន ជួបតែសុខសុវត្ថិភាពគ្រប់ៗគ្នា ក្នុងឱកាសរីករាយឆ្នាំថ្មីឆ្នាំសកល ២០២៥ នាប៉ុន្មាន ថ្ងៃខាងមុខនេះ។

សូមបញ្ជាក់ថា ក្នុងពិធីនោះដែរ សមាជិកដែលបានចូលរួមគឺក្នុងមា្នក់ៗទទូលបានវត្ថុអនុស្សាវរីយ៍កំដរដៃមានក្រមា១និងថវិកា២ម៉ឺនរៀល យ៉ាងភាពស្និទ្ធស្នាល ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖