ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ព្រះអាទិត្យឥតពន្លឺ (តចប់)

ចែករំលែក៖

យុវជនគ្រប់គ្នាចប់ការងារនាំគ្នាត្រឡប់ទៅផ្ទះនៅភូមិប៉ាំងណាវិញ ចំណែកឯខ្ញុំ និងអាធីត្រឡប់ទៅផ្ទះជួបពុកម៉ែនៅភូមិត្រពាំងផ្លុង។ ខ្ញុំនិងអាធីធ្វើដំណើរកាត់តាមព្រៃតូចៗដែលដុះអមសងខាងផ្លូវដើរថ្មើជើងនិងមិនហ៊ានជជែកគ្នាទេ។យើងដើរបានបន្តិចស្រាប់តែឮសំឡេងមាត់មនុស្សជជែកគ្នា។  យើងបានក្រាបក្នុងគុម្ពព្រៃរង់ចាំឱ្យពួកឈ្លបដើរទៅផុតឆ្ងាយសិនទើបបន្តដំណើរ។ យើងបន្តដំណើរបែបនេះរហូតដល់ភូមិត្រពាំងផ្លុងរួចបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។

   ពេលទៅដល់ផ្ទះភ្លាមម៉ែភ្ញាក់ផ្អើលខ្លាំងណាស់ ប៉ុន្តែគាត់បានប្រញាប់ប្រញាល់ហៅឲ្យខ្ញុំចូលក្នុងផ្ទះសួរនាំ។ ខ្ញុំបានប្រាប់ម៉ែតាមដំណើររឿង រួចហើយពុកក៏បាន​លបលួចដុតដំឡូងឲ្យខ្ញុំ។ ម៉ែបកផងផ្លុំដំឡូងផងឱ្យត្រជាក់រួចនិយាយថា ចេះសំណាងហើយថ្ងៃនេះ ដែលពុកឯងទៅជួបបងធំកូនបានដំឡូងនិងល្ពៅមកខ្លះ។គាត់បានហុចដំឡូងមកឱ្យខ្ញុំហើយប្រាប់ថាឲ្យខ្ញុំហូបឲ្យប្រញាប់ទៅ។

   ខ្ញុំទទួលយកដំឡូងពីដៃម៉ែយកមកហូប។ បងប្រុសធំរបស់ខ្ញុំរស់នៅក្នុងភូមិកុមារាជាស្ថិតនៅឆ្ងាយពីផ្ទះដែលម៉ែស្នាក់នៅដែរ។បងប្រុសធំរបស់ខ្ញុំរស់នៅផ្ទះដែលជាកន្លែងទុកស្បៀងដូចជាស្រូវល្ពៅនិងដំឡូង ហើយបងថ្លៃស្រីរបស់ខ្ញុំ មើលការខុសត្រូវស្បៀងទាំងអស់នោះ។

   ខ្ញុំអង្គុយហូបដំឡូងឆ្អែត ខ្ញុំលាពុកម៉ែរបស់ខ្ញុំត្រឡប់ទៅសហករណ៍វិញ។ ខ្ញុំ និងអាធីបន្តដើរលបៗតាមព្រៃដូចដើមរហូតដល់ភូមិប៉ាំងណា។ ទំរាំទៅដល់ទីនោះម៉ោង ៥ ទៀបភ្លឺទៅហើយ យើងទាំងពីរនាក់មិនបានទៅសម្រាកនោះទេ។ យើងចាប់កាន់ចបដើម្បីបន្តធ្វើការទៀត។ ប្រធានសហករណ៍បានមកដល់ហើយសរសើរខ្ញុំ និងអាធីថា ជាសមមិត្តឧស្សាហ៍និងមកធ្វើការដល់កន្លែងមុនយុវជនផ្សេងទៀតជានិច្ច។ នៅថ្ងៃនោះ យើងបានជីកប្រឡាយដូចយុវជនផ្សេងទៀតដោយមិនបានសម្រាកនោះទេ។

   ស្ទើរតែរាល់ថ្ងៃដែលខ្ញុំ និងអាធីលួចចេញទៅភូមិត្រពាំងផ្លុងដើម្បីរកអាហារចម្អែតក្រពះ។ យប់មួយម៉ែបានប្រាប់ខ្ញុំដោយសេចក្តីត្រេកអរថា ស្អែកបងកូន ថាលួចចែកស្រូវមកខ្លះ ដូច្នេះព្រលប់ស្អែកម៉ែនឹងបុកស្រូវហើយដាំបាយឱ្យកូន កូនកុំភ្លេចមកថ្ងៃស្អែកទៀតណាឮទេខ្ញុំសប្បាយចិត្តពេលឮថាស្អែកបានបាយហូបដូច្នោះ។ ខ្ញុំប្រញាប់សួរខ្សឹបៗទៅកាន់ម៉ែថា តើយើងនឹងបានអង្ករប៉ុន្មានដែរម៉ែ? ហូបគ្រាន់ដែរឬទេ? ។ ម៉ែប្រាប់ខ្ញុំថា អង្ករគឺមិនច្រើនទេ ប៉ុន្តែគាត់ចង់ឲ្យខ្ញុំមកហូបព្រោះខ្ញុំធ្វើការធ្ងន់។

   លុះស្អែកឡើងមេឃងងឹតខ្ញុំបបួល អាធី ទៅផ្ទះម៉ែដូចសព្វមួយដងទៀត។ ខ្ញុំដើរទាំងសប្បាយចិត្ត ព្រោះនឹកថាយប់នេះខ្ញុំបានបាយហូបហើយ។ ពេលដែលខ្ញុំមកដល់ផ្ទះអ្វីដែលខ្ញុំឃើញគឺខុសពីសព្វមួយដង។ ម៉ែបានចេញមកទទួលខ្ញុំទាំងទឹកភ្នែកខ្ញុំភ័យណាស់ ក៏ប្រញាប់សួរទៅម៉ែថា មានរឿងអ្វី? ម៉ែប្រញាប់ទាញដៃខ្ញុំឡើងទៅខាងលើផ្ទះហើយលើកបាយមួយកូនត្រឡោកនិងកូនត្រីប្រឡាក់អំបិលដុតឈ្ងុយមួយក្តាប់មកព្រមទាំងនិយាយប្រាប់ខ្ញុំថា បងផនរបស់ឯងត្រូវបានអង្គការយកទៅសម្លាប់ទាំងគ្រួសារបាត់ហើយ។ ខ្ញុំពិតជារន្ធត់ណាស់ ពេលដែលបានឮដំណឹងនេះ។ បងផនគឺជាបងទីពីររបស់ខ្ញុំ។ ខ្ញុំមានបងប្អូនតែបីនាក់ទេហើយខ្ញុំគឺជាកូនពៅ។ បងប្រុសធំគឺជាប្រធានសហកណ៍ភូមិ ព្រោះគាត់ជាប្រជាជនមូលដ្ឋាន។ នៅក្នុងភូមិជីវិតរបស់គាត់រស់នៅមានភាពងាយស្រួលជាងប្រជាជនដល់ទៅទៀត។ បងផន គឺជាបងប្រុសទី២ របស់ខ្ញុំគាត់គឺជាអតីតប៉ូលិសខេត្តកំពង់ស្ពឺនៅក្នុងសម័យសាធារណរដ្ឋខ្មែរ។នៅពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងនៅទីក្រុងភ្នំពេញពុករបស់ខ្ញុំបានយកឯកសារកាត សិស្ស បញ្ជីជាតិ និងរូបថតទាំងឡាយដែលយើងមានទៅកប់ចោលនៅក្នុងដីទាំងអស់។ ថ្វីត្បិតតែភស្តុតាងបានបំផ្លាញអស់ហើយក៏ពិតមែន ប៉ុន្តែប្រជាជននៅក្នុងខេត្តកំពង់ស្ពឺនៅតែស្គាល់ថា បងផន គឺជាអតីតប៉ូលិស។

   ម៉ែរបស់ខ្ញុំប្រាប់ទាំងញ័រមាត់ថា អង្គការមានយុទ្ធនាការបោសសំអាតប្រជាជន១៧ មេសា ហើយកងឈ្លបនាំគ្នាទៅឆែកឆេរផ្ទះបងផន។ កងឈ្លបបានរកឃើញរូបថតរបស់បងផនស្លៀកពាក់ជាប៉ូលិសនៅនឹងបាតកេស។ រូបថតមានមិនច្រើនទេ ហេតុអ្វីបានជាយើងប្រមូលបំផ្លាញមិនអស់? សម្រាប់ពួកខ្មែរក្រហមរូបថតសេះសល់តែមួយសន្លឹកនេះគឺគ្រប់គ្រាន់ក្នុងការផ្ដាច់ជីវិតបងប្រុសរបស់ខ្ញុំ និងក្រុមគ្រួសាររបស់គាត់។

   ខ្ញុំហូបបាយទាំងអួលដើមក ព្រោះអាណិតបងប្រុសនិងក្រុមគ្រួសាររបស់គាត់ណាស់។ យើងអង្គុយយ៉ាងស្ងៀមស្ងាត់លួចស្រក់ទឹកភ្នែករៀងៗខ្លួនមិនហ៊ានយំសោកឲ្យឮសំឡេងនោះទេ។ ម៉ែឃើញខ្ញុំយំសោកសៅដូច្នេះ ក៏និយាយតឿនខ្ញុំឲ្យហូបបាយលឿនៗហើយប្រាប់ខ្ញុំកុំឲ្យត្រឡប់មកផ្ទះមួយរយៈពេលសិន។ ម៉ែបារម្ភដល់ខ្ញុំណាស់ ព្រោះបងប្រុសច្បងរបស់ខ្ញុំទើបតែបានទទួលដំណឹងថា អង្គការចង់ចោទប្រកាន់ខ្ញុំ ប៉ុន្តែដោយសារតែខ្ញុំរស់នៅក្នុងតំបន់ផ្សេងទើបអង្គការគ្មានសិទ្ធិចាប់ខ្លួនខ្ញុំ។ ខ្ញុំមិនដឹងថា មូលហេតុអ្វីបានជាអង្គការចង់ចាប់ខ្ញុំនោះទេ ប៉ុន្តែម៉ែបានឮមកថា មានអ្នកស្អប់ខ្ញុំរួចយកព័ត៌មានទៅប្រាប់ក្រុមកង ឈ្លបដើម្បីចោទប្រកាន់ខ្ញុំ។ ខ្ញុំនឹកហួសចិត្តថា អ្នកដែលសម្លាប់ប្រជាជនគឺមិនមែនមានតែថ្នាក់លើឬប៉ុលពតនោះទេ សូម្បីតែប្រជាជនដូចគ្នាក៏ចង់សម្លាប់ប្រជាជនផ្សេងទៀតដែរ។ ពេលហូបបាយរួច ខ្ញុំក៏លាម៉ែហើយត្រឡប់ទៅផ្ទះនៅឯភូមិប៉ាំងណាវិញទាំងល្វើយនៅក្នុងចិត្ត។ បាយមួយត្រឡោកដែលខ្ញុំបានហូបមិនបានធ្វើឲ្យខ្ញុំមានកម្លាំងដូចដែលខ្ញុំបានរំពឹងទុកទាល់តែសោះ។

ខ្ញុំ និងអាធី ទៅដល់កន្លែងជីកប្រឡាយវិញទាន់ពេលវេលាដូចប្រក្រតី។ ពន្លឺស្រទន់ពណ៌មាសបានជះមកប៉ះផ្ទៃមាតុភូមិខ្ញុំដែលដិតដាមដោយឈាមនិងសេចក្តីនិរាស្ត្រព្រាត់ប្រាស់។ ព្រះអាទិត្យត្រឡប់មកជាថ្មីម្ដងទៀតមែន ប៉ុន្តែអ្វីដែលមិនត្រឡប់មកវិញគឺវត្តមានបងប្រុសរបស់ខ្ញុំ ប្រពន្ធកូនរបស់គាត់ និងប្រជាជនខ្មែរជាង ២ លាននាក់។ មិនថាយប់មិនថាថ្ងៃនៅក្នុងរបបខ្មែរក្រហម គឺមានសភាពខ្មៅងងឹតគ្មានពន្លឺ។ ខ្ញុំនិងអាធីចាប់កាន់ចបជីកប្រឡាយដូចសព្វមួយដងនិងគ្មានអ្នកណាដឹងឡើយថា យប់មិញយើងលួចចេញទៅភូមិមួយទៀតនោះទេហើយចាប់តាំងពីថ្ងៃនោះមកខ្ញុំក៏លែងត្រឡប់ទៅផ្ទះម៉ែរបស់ខ្ញុំទៀតដែរ៕ (ចប់ដោយបរិបូរណ៍)


ចែករំលែក៖