ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លេីវិធានការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសមុខសញ្ញាក្មេងទំនើង នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ កំលាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការបង្រ្កាបមុខសញ្ញាហិង្សាដោយចេតនាប្រេីដាវកាប់មកលេីកំលាំងប្រជាការពារ នៅចំណុចភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្ករឡើងដោយជនសង្ស័យឈ្មោះ ថុន ឡា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (ជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគាខេត្តកំពង់ស្ពឺចំនួន ០២លើក)។
ដំបូងជនសង្ស័យបានចូលទៅសំងំលាក់ខ្លួនក្នុងដីឡូតិ៍ផ្ទះប្រជាពលរដ្ឋ មិនដឹងមានបំណងអ្វី ម្ចាស់ដីឡូតិ៍បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ស្រាប់តែជនសង្ស័យបានលោតហក់ចេញមកក្រៅរបង កាន់ដាវហក់មកកាប់កំលាំងនគរបាលនិងប្រជាការពារ ចៃដន្យត្រូវកំលាំងប្រជាការពារម្នាក់ឈ្ម្មោះ ឯម ឈីម ភេទប្រុស អាយុ ៤៨ឆ្នាំ ចំខ្នង០១ដាវ បណ្ដាលឲ្យរងរបួសស្រាល ភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាយកមកធ្វើការសាកសួរ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសី ដោយដកហូត ដាវកែឆ្នៃ ០១ ដេីម និងកាំបិត ចំនួន ០៣ដើម ។
បច្ចុប្បន្នជនសង្ស័យត្រូវបានចាត់ការតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្ត ចំណាត់ការនីតិវិធី៕
ដោយ៖ សូរិយា